21/11/2023
ពិធីលាងជើងកូនកម្លោះ ៖
ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើង មានពិធីមួយដែលសព្វថ្ងៃគេនាំគ្នាកាត់ចោលមិនធ្វើ គឺពិធីលាងជើងកូនកម្លោះ ដោយហេតុថាគ្រួសារខាងស្រីមានទស្សនៈយល់ថាជាការបន្ថោកតម្លៃកូនស្រី ហើយអាចារ្យដែលមិនបានស្រាវជ្រាវនោះក៏ព្រមតាមដែរទៅ ។
តាមលោកម្តាយខ្ញុំគាត់និយាយប្រាប់ខ្ញុំកាលពីគាត់នៅមានព្រះជន្មនៅឡើយ គាត់ថាចាស់ពីដើមទំរាំបានគ្នាជាប្តីប្រពន្ធលំបាកណាស់ ។ ក្រោយភ្ជាប់ពាក្យគ្នាហើយ កូនកម្លោះត្រូវមកជួយការងារផ្ទះខាងស្រី ដើម្បីគ្រួសារខាងស្រីសង្កេតអត្តចារឹក បើផ្ទះកូនកម្លោះនៅក្បែរគ្នាត្រូវងើបពីយប់មកបោសសំអាតទីធ្លាផ្ទះខាងស្រី សំអាតក្រោលគោ រែកទឹកដាក់ពាង លុះមេឃភ្លឺដឹកគោអោយស៊ីស្មៅ ,,, ។ បើមនុស្សនោះនៅភូមិឆ្ងាយខាងស្រីគេសង់ខ្ទមមួយនៅក្នុងដីភូមិគេអោយស្នាក់នៅ ដើម្បីជួយធ្វើការងារគេ។ក្នុងអំឡុងពេលនៃការសាកល្បងនេះ កូនកម្លោះមិនអនុញ្ញាតអោយឡើងផ្ទះធំគេទេ លើកលេងឪពុកម្តាយខាងស្រីហៅរក ចង់រកបាយទឹកហូបគឺឡើងតាមជណ្តើរក្រោយល្វែងផ្ទះបាយ រហូតទាល់តែដល់ថ្ងៃមង្គលការ ។ គឺនៅថ្ងៃមង្គលនេះហើយដែលគេអញ្ជើញកូនកម្លោះបំពេញមុខជាកូនប្រសារគេ ឡើងជណ្តើរជ័យផ្ទះធំរបស់គេ ហេតុនេះហើយបានមុននិងឡើងលើផ្ទះធំ គេអោយកូនស្រីមកលាងជើងកូនកម្លោះជម្រះអព្វុទមង្គលចោល ។ ក្នុងពិធីលាងជើងនោះ កូនកម្លោះគេអោយឈរលើដុំថ្មមួយ(មើលរូបព្រួញពណ៌លឿង)មានទំហ៊ំប៉ុនថ្មសំលៀងកំបិត ។ ក្នុងពេលដែលកូនកម្លោះប្រឹងទប់ជំហរអោយមានលំនឹងនៅលើដុំថ្មមួយនោះ អាចារ្យគាត់ប្រាប់ទៅកូនកម្លោះហើយថា« នែក្មួយគេអោយឈរលើថ្មនេះ គឺមានន័យថាយើងក្លាយជាមេគ្រួសារគេហើយណា ត្រូវតាំងជំហរអោយនឹងធឹង ឈប់ឆ្វេចឆ្វាចដូចកាលកម្លោះទៀត ធ្វើជាមេគ្រួសារគឺវាលំបាកចឹង» ។
ដូច្នេះអត្ថន័យនៃពិធីលាងជើងក្នុងមង្គលការខ្មែរបង្កប់ន័យអប់រំ មិនមែនដូចអ្វីដែលមនុស្សខ្លះយល់ច្រឡំនោះទេ ។
ក្រៅពីពិធីលាងជើងនេះ នៅមានពិធីមួយទៀតគេហៅពិធីដេកអង្កររាប គឺគេចាក់អង្ករក្រាលលើកន្ទេលហើយវែកអោយស្មើ អោយកូនកម្លោះ កូនក្រមុំដេកលើនោះដោយធ្វើយ៉ាងណាកុំអោយខ្ទាតអង្ករចេញក្រៅកន្ទេល គាត់ថាបើអង្ករចេញក្រៅកន្ទេលស្មើនិងខ្ទាតទ្រព្យ តែតាមពិតគាត់ចង់អោយកូនកម្លោះ កូនក្រមុំចេះអត់ធ្មត់និងគ្នា បើមួយរើមួយទៀតនៅស្ងៀមសិនទៅ បើហ៊ានតែរើទាំងអស់គ្នាដឹងតែខ្ចាយអង្ករហើយ ដូចមនុស្សឆេវឆាវទាស់ទែងគ្នាវាខ្ចាយទ្រព្យអីចឹងដែរ តែពិធីនេះគេកាត់ចោលយូរមកហើយព្រោះធ្វើអោយកូនកម្លោះ កូនក្រមុំមិនបានដេកនាំប៉ះពាល់សុខភាព។
ប្រភព៖Tara Om