15/11/2023
១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យមានការកើនឡើង
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យ ជនបទ ដើម្បីជាសារក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹង អំពីសារៈសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាម គោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារ មាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ៩០% នៅឆ្នាំ២០២៣ និង ១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។
នៅក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចេញនូវសារលិខិតអបអរ ដែលមានខ្លឹមសារ បញ្ជាក់ឲ្យដឹងថា ៖
រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យមានការកើនឡើងយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជា សកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាល ពាសកាលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។ នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យ ជនបទនៅព្រះរាជាណាចក្រកម្ពុជាបានកើនដល់ប្រមាណ៨៥%។ លើសពីនេះខេត្តចំនួន ៦ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧ ៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន ៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
សារលិខិតដដែលបានបន្តថា ៖ វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ការចូលរួមសហការយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និង ការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំងអំពីកម្រិតយល់ដឹងរបស់ ប្រជាជនអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានផ្ដល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១. ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវ បន្តយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទកាន់តែប្រសើរឡើងបន្ថែមទៀត។
ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀត និងគ្រប់រូបភាព ធ្វើយ៉ាងណាពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យមានភាពប្រសើរឡើង និងឈានទៅ សម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការ ការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។
ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍ នានា ក៏ដូចជាវិស័យឯកជន ក្នុងការចូលរួមការងារលើកកម្ពស់អនាម័យជនបទ។
ទី៤. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់អនាម័យជនបទឱ្យបាន ច្បាស់លាស់ និងទុកចិត្តបាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការងារលើកកម្ពស់អនាម័យជនបទ។
ទី៥. បន្តជំរុញ លើកទឹកចិត្ត និងគាំទ្រ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលមានអត្រាអនាម័យខ្ពស់ ឱ្យសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
ទី៦. ត្រូវបន្តការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិដើម ភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម។
ទី៧. បន្តខិតខំជំរុញ និងគាំទ្រតាមគ្រប់រូបភាពដល់បណ្ដាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែល មានអត្រាគ្របដណ្ដប់ទាបឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
ទី៨. បន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍ តាមសាលារៀន និងស្ថាប័នសាធារណៈ ទាំងអស់ តាមរយៈការអប់រំ និងបង្កើតកន្លែងលាងសម្អាតដៃ។
ទី៩. ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្តី និងកុមារីអាយុពេញវ័យមានរដូវ ដោយត្រូវមានយន្តការអប់រំក្នុងសហគមន៍ និងសាលារៀន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថនៃការគ្រប់គ្រងអនាម័យពេលមានរដូវឱ្យកាន់តែប្រសើរឡើង។
ទី១០. ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវានិងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់ លាមក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ឆ្លៀតក្នុងឱកាសអបអរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុម ការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ នៅតំបន់ជនបទ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក។
ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕
#សារព័ត៌មានយុវវ័យ២១
#ក្រសួងអភិវឌ្ឍន៍ជនបទ
#ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤
#យុវមរតកជំនាន់ក្រោយអាចធ្វើបាន