22/08/2022
ស្ទឹងពង្រូល
🌿ផ្ទាំងថ្មធំៗពូនជាច្រាំងចោទកម្ពស់ជាង ១០ ម៉ែត្រ ច្រៀករហែកស្នាមប្រេះឲ្យទឹកហូររិញៗពីដងស្ទឹងពង្រូលតាមក្រហែងទម្លាក់ខ្លួនបែកផ្សែងត្រជាក់ស្រេង។
🌿ពីដងស្ទឹងពង្រូល ដែលត្រូវបានទប់ជាទំនប់សម្រាប់កសាងវារីអគ្គិសនីគិរីរម្យទី ៣ សិលាធំសម្បើម ប្រវែងមុខកាត់ប្រមាណជាង ៣០ ម៉ែត្រដែលហាក់កំពុងរង់ចាំប្រភពទឹកហូរពីខាងលើ បែរជាទទួលស្វាគមន៍ទឹកហូររិញៗសេសសល់ពីដងស្ទឹងបន្ដិចបន្ដួច។
🌿ទិដ្ឋភាពផ្ទាំងថ្មច្រៀកទឹកឈរលើព្រៃព្រឹក្សានេះបង្កើតបានជាទស្សនីយភាពដ៏ល្អឯកសម្រាប់ឱកាសជួបជុំអង្គុយលេង ងូតទឹកថ្លុកដ៏ត្រជាក់ និងថតរូបបញ្ឆោតដ៏ស្រៀវឆ្អឹងខ្នង។
🌿ទឹកធ្លាក់ស្ទឹងពង្រូល នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង ស្ថិតក្នុងតំបន់អភិរក្សរបស់សហគមន៍ប្រជាពលរដ្ឋ ដែលត្រូវបានបង្កើតឡើងដើម្បីអភិរក្សព្រៃឈើ និងសម្បត្ដិធម្មជាតិឲ្យស្ថិតស្ថេរគង់វង្ស។
🌿ទឹកធ្លាក់ស្ទឹងពង្រូល ជាទីកម្សាន្ដស្ថិតក្នុងតំបន់វារីអគ្គិសនីដែលមិនសូវមានភ្ញៀវទេសចរបានស្គាល់ និងទៅដល់ជាញឹកញាប់ដោយសារតែបញ្ហាផ្លូវ និងគ្មានស្លាកសញ្ញាសម្គាល់ឡើយ។