06/08/2024
ហេតុអ្វីបានជាកម្លាំងយោធា និងប៉ូលីសមិនអាចទប់ទល់បានជាមួយនឹងកម្លាំងមហាជនបង់ក្លាដែសដែលទាមទារឲ្យនាយករដ្ឋមន្ត្រីបង់ក្លាដែសលាលែងពីតំណែង?
១). ការចូលរួមទាមទារពីសំណាក់មហាជនមានការកើនឡើង និងមានភាពតានតឹងខ្លាំងទៅៗ៖ ចលនាមហាជនដែលចូលរួមទាមទារហាស៊ីណាឲ្យចុះចេញបានរីកខ្លួនធំទៅៗ រហូតដល់កម្លាំងសន្តិសុខមិនអាចគ្រប់គ្រងបាន។ មហាជនមិនមែនគ្រាន់តែប្រមូលផ្តុំទេ ប៉ុន្តែលុកលុយចូលក្នុងអាគាររដ្ឋាភិបាលសំខាន់ៗ និងផ្ទះរបស់នាយករដ្ឋមន្ត្រីទៀតផង។
២). ទទួលបានការគាំទ្រពីសាធារណជនទូទៅ៖ ដោយសារតែអត្រាអត់ការងារមានកម្រិតខ្ពស់ អំពើពុករលួយ និងអំណាចផ្តាច់ការ ទើបធ្វើឲ្យសាធារណជនទូទៅយល់និងគាំទ្រដល់ក្រុមចលនាមហាជនទាំងនោះ។ ការគាំទ្រទាំងកាយទាំងចិត្តនេះបានធ្វើឲ្យក្រុមយោធា និងប៉ូលីសមិនហ៊ានបង្ក្រាបដោយហិង្សាបានទេ។
៣). ការបាត់បង់ជំនឿចិត្តលើការដឹកនាំ៖ មានសេចក្តីរាយការណ៍មកថាក្រុមយោធាបានដកការគាំទ្រដល់រដ្ឋាភិបាលរបស់ហាស៊ីណាហើយ ដែលនេះអាចកំណត់ដល់ជោគវាសនានៃការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីមួយនេះ។ ដោយសារការសម្រេចចិត្តរបស់យោធាមួយនេះ ទើបធ្វើឲ្យក្រុមចលនាមហាជនរុករានអាគាររដ្ឋាភិបាលបានដោយគ្មានការទប់ស្តាត់ ព្រោះយោធាទាំងនោះលែងជឿជាក់លើអតីតនាយករដ្ឋមន្ត្រីទៀតហើយ។
៤). ការបង្ក្រាបដោយហិង្សា៖ ដោយសារតែរដ្ឋាភិបាលបានប្រើហិង្សាបង្ក្រាបក្រុមចលនាមហាជនកាលពីដំបូង ដែលធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់ និងរបួសរាប់ពាន់នាក់នោះ គឺរឹតតែបញ្ឆេះឲ្យមានកំហឹង និងការចូលរួមកាន់តែច្រើន។ ការប្រើអំពើហិង្សាលើក្រុមចលនាមហាជនកាន់តែខ្លាំង ប៉ូលីសនិងយោធារឹតតែមិនអាចគ្រប់គ្រងស្ថានការណ៍កាន់តែខ្លាំងឡើងដែរ។
៥). ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់យោធា៖ ទីបំផុតក្រុមយោធាចេញប្រកាសពីការលាលែងរបស់អតីតនាយករដ្ឋមន្ត្រី និងរៀបចំឲ្យមានរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ និងសន្យាបើកការស៊ើបអង្កេតលើការប្រើហិង្សាបង្ក្រាបចលនាមហាជន ព្រមទាំងស្នើឲ្យសាធារណជនទាំងអស់រក្សាភាពស្ងៀមស្ងាត់។ យុទ្ធសាស្ត្រមួយនេះបង្ហាញថាក្រុមយោធាដកខ្លួនចេញលែងការពារអតីតនាយករដ្ឋមន្ត្រី និងងាកមកផ្តោតលើការរៀបចំប្រទេសជាតិឲ្យមានស្ថិរភាពឡើងវិញ៕