12/16/2024
‘’ #កុំមើលរំលង’’, សុំនិយាយដោយព្រហើនបន្តិចចុះជូនលោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន
*****************
ពីខ្ញុំជាជនបរាជ័យ សព្វថ្ងៃរស់គ្មានឋានៈ និងតួនាទីអ្វីនោះទេ ហើយជាសមញ្ញជន ប៉ុន្តែក្នុងនាមជាខ្មែរ ខ្ញុំមិនចង់ឃើញគ្រួសារខ្មែរណាមួយត្រូវគេចោទ ឬក្លាយជាត្រកូលក្បត់ជាតិដូចត្រកូលអភ័យវង្ស ដែលខ្មែរទូទៅដឹងឮ និងហៅតៗគ្នានាសម័យទំនើបនេះទេ។
តើពេលនេះវាជាកាលៈទេសៈអ្វីទៅហើយ? វាមិនមែនជារឿង ‘’នាំភ្លើងចូលផ្ទះ’’ ឬ ‘’ការប្រកាន់ភាពចាស់ទុំ’’ ស្អីនោះទេ វាជារឿងជាតិ ដូច្នេះវាជារឿងសម្រាប់ខ្មែរទូទៅត្រូវចូលរួមដោះស្រាយ ហើយមិនត្រូវគេចវេសនោះទេ។ កន្ទួលរមាស់ បើមិនយកថ្នាំសើស្បែកលាប វាធ្វើឲ្យយើងអេះ ដោយសារអេះស្រួលពេក អេះរហូតដាច់ស្បែក ហើយបង្កជាដំបៅ ទុកហួសពេលព្យាបាលមិនជា ក៏ក្លាយជាមហារីក។ អ្វីៗត្រូវហួសពេលអស់។
លោក ថាក់សុីន និយាយរឿងកោះកុត មិនមែនគាត់ឆោតមិនដឹងថាវាប៉ះពាល់ ឬធ្វើឲ្យមានអរិភាពរវាងពលរដ្ឋខ្មែរ និងពលរដ្ឋថៃ ឬមានទំនាស់នយោបាយរវាងរាជរដ្ឋាភិបាលខ្មែរ និងរាជរដ្ឋាភិបាលថៃ ពិសេសមើលមុខមិនចំក្នុងទំនាក់ទំនងរវាងត្រកូលហ៊ុន និងត្រកូលថាក់សុីន នោះទេ។ ប៉ុន្តែគាត់នៅតែនិយាយ ហើយនិយាយត្រូវទៀត។ និយាយត្រូវ គឺទី១.ត្រូវនឹងកាលៈទេសៈ ទី២.ដើម្បីប្រយោជន៍ជាតិថៃ និងទី៣.ប្រយោជន៍នយោបាយសម្រាប់ការពារតំណែងនាយករដ្ឋមន្ត្រីរបស់កូនស្រីគាត់។ មានន័យថា គាត់កំពុងលាបថ្នាំសើស្បែកលើកន្លែងរមាស់ ដោយមិនបណ្តោយឲ្យក្រុមអាវលឿនថៃអេះរហូតក្លាយជាមហារីក ហើយយកជាលេសតវាទ្រុងទ្រាយធំ បង្កជាវិបត្តិនយោបាយ ហើយឈានដល់ក្រុមយោធាលូកដៃ និងធ្វើរដ្ឋប្រហាបញ្ចប់វិបត្តិនយោបាល។ គាត់រៀនពីបទពិសោធពីរលើកដែលបានធ្វើដាក់រូបគាត់ និងប្អូនស្រីគាត់កាលធ្វើជានាយករដ្ឋមន្ត្រី។
ដល់ពេលហើយ ដែលរាជរដ្ឋាភិបាលខ្មែរ ពិសេសលោកអតិតនាយករដ្ឋមន្ត្រី ត្រូវចេញមកបញ្ជាក់ឲ្យច្បាស់លើអធិបតេយ្យភាពរបស់កោះកុត ដោយគ្មានអ្វីត្រូវលាក់លាម និងតម្លាភាព និងនិយាយត្រង់ទៅត្រង់មកជាមួយពលរដ្ឋខ្មែរ។ ខ្ញុំសុំនិយាយដោយព្រហើនបន្តិចទៅចុះ បើបន្តគេជវេស ឬមើលរំលង វានឹងក្លាយជាកន្លែងរមាស់១០០ឆ្នាំទើបកើតម្តង ដែលជាឱកាសមាសសម្រាប់បុគ្គល ដែលរុងចាំបំផ្លាញខ្មែរមិនឲ្យបានសុខ …។ល។ និង ។ល។
ព្រោះតែជាតិនិយម និងប្រវត្តិសាស្ត្របានបង្រៀនផងនោះពលរដ្ឋខ្មែររសើបណាស់ ឬអាលាក់ហ្សុីណាស់ជាមួយរឿងបាត់បង់ទឹកដីជាមួយប្រទេសជិតខាង។
សូមអរគុណ!