06/28/2024
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានគាត់ក៏បានទទួលឈ្មោះហៅក្រៅថា "សង្ហា" ណៃ។ ក្រោយមកទៀត លោកនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចជា៖
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។
ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។
ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា កោសល្យវោហារ គង់ណៃ។
នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ ហើយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន។
គួរជម្រាបផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បៈករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ហើយជារឿងដ៏សោកស្តាយបំផុត ដែលកម្ពុជាបានបាត់បង់មរតកមនុស្សរស់ឆ្នើមដូចជារូបលោក៕
ប្រភពះ ព្រះបរមរាជវាំង