CamboXchange

CamboXchange ចែករំលែកបទពិសោធន៍​ ចំណេះដឹង​ និងការកំសាន្ដផ្សេងៗដល់បងប្អូនទាំងអស់អោយបានដឹងពី​ជីវិត​របស់ខ្មែរ​នៅ USA
(77)

Address

Charlotte, NC

Telephone

+19454465670

Website

Alerts

Be the first to know and let us send you an email when CamboXchange posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

សុជីវធម៌ សីលធម៌ និង ​គុណធម៌

សុជីវធម៌ សំដៅលើ​កាយវិការ​សមរម្យ និង​វាចា​ពីរោះពិសា ដែល​សង្គម ទទួលស្គាល់ និង​ឲ្យ​តម្លៃ​។ ឥ​រិ​យាបថ ដែល​មើលទៅ​គប្បី​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ហើយ​មនុស្ស​ទូទៅ​ក្នុងសង្គម នាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ គឺជា​សុជីវធម៌​។ ​នៅពេល យុវជន​ម្នាក់ ជួប​ចាស់ព្រឹទ្ធាចារ្យ ហើយ​លើក​ទៅ​សំពះ និង​ពោល​ពាក្យ​ជម្រាបសួរ គឺ​ហៅថា សុជីវធម៌​។ ​ផ្ទុយ​មកវិញ បើ​បុគ្គល​ណា ខ្វះ​សុជីវធម៌ សកម្មភាព​និង​ពាក្យពេចន៍​របស់គេ ប្រាកដជា​មើលទៅ​ឆ្គង​ភ្នែក និង​ទើស​ត្រចៀក​របស់​អ្នកដទៃ​ជាមិនខាន​។ ជាក់ស្តែង ការ​ខាកស្តោះ និង​ការ​បោះចោល​សំរាម ជាដើម នៅលើ​សួនច្បារ ឬ​ទីក​ម្សា​ន្ត គឺជា​ទង្វើ​ដែល​ខ្វះ​សុជីវធម៌​។ ​បើ​បុគ្គល​ណាមួយ គ្មាន​សុជីវធម៌ ទ​ង្វី​ឬ​ពាក្យសម្តី​របស់គេ មិនសូវមាន​ទម្ងន់ ដែល​ធ្វើ​ឲ្យអ្នក​ដទៃ​ឈឺចាប់​នោះទេ ព្រោះ​វា គ្រាន់តែ​ជាទង្វើ និង​សម្តី ដែល​មនុស្ស​ផង​គ្នា មិនសូវ​ពេញចិត្ត​ប៉ុណ្ណោះ​។​

​រីឯ សីលធម៌ ហាក់​សំដៅ​ទៅលើ​ចិត្ត​និង​ចេតនា ជាជាង​កាយវិការ និង​ពាក្យសម្តី​។ សីលធម៌ គឺជា​ភាពត្រឹមត្រូវ​របស់​មនុស្ស ដែល​ប្រកាន់ខ្ជាប់​ក្នុង​ចិត្ត ទោះ​ជាមាន​អ្នកដទៃ​ដឹង ឬ​មិនដឹង​ក៏ដោយ​។ ការតាំង​ចិត្ត​ថា មិន​ធ្វើអំពើ​អាក្រក់ ឬ​មិន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ណាមួយ ដែល​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ ហៅថា​សីលធម៌​។ ​ការមិន​សម្លាប់ ការមិន​បៀតបៀន ការមិន​កុហក ការមិនប្រព្រឹត្ត​កាម​គុណលើ​កូន ប្រពន្ធ និង​ប្តី​របស់​អ្នកដទៃ គឺ​សុទ្ធសឹងតែ​ជា​សីលធម៌ ដែល​ក្នុង​ភាសា​ព្រះពុទ្ធសាសនា ហៅថា​សីល​។ មែនទែនទៅ សូម្បីតែ មិន​ធ្វើ​ទង្វើ​ណាមួយ ដែល​ប៉ះទង្គិច​ផ្លូវចិត្ត​អ្នកណាម្នាក់ ក៏​ចាត់ទុកថា មាន​សីលធម៌​ដែរ​។​ ​ពេលខ្លះ សីលធម៌ ឬ​អសីលធម៌ ក៏​អាច​បង្ហាញ​តាមរ​យៈ​កាយវិការ និង​វាចា​ដែរ​។ ​នៅពេល​បុរស​ណា​ម្នាក់ មិន​ធ្វើ​ទង្វើ ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នារី គឺ​ចាត់ទុកថា​បុរស​នោះ មាន​សីលធម៌ ចំពោះ​នារី​។ តែ បើ​បុរស​ណា​ម្នាក់ ហ៊ាន​ប៉ះពាល់​រាងកាយ​របស់​នារី ដោយមាន​លក្ខណៈ​បែប​ជ្រុស​ហួសប្រមាណ ឬក៏​ប្រើពាក្យ​អាសអាភាស​ដាក់​នាង ហៅថា អសីលធម៌​។ អសីលធម៌ គឺ​នៅត្រង់ថា ទង្វើ​របស់​បុរស​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​នារី​។

​ចំណែក គុណធម៌ គឺជា​ចិត្តមេត្តា ដែល​កើតមាន​ចំពោះ​អ្នកដទៃ ហើយ​ចង់​ជួយ​អ្នកដទៃ តាមរបៀប ឬ​មធ្យោបាយ​ណាមួយ​។ អាច​និយាយ​ត្រឡប់មកវិញ​ថា ឲ្យ​តែ​អ្នកដទៃ ទទួលបាន​ផល​អ្វីមួយ ដែលជា​អំពើ​ល្អ អំពើ​ជា​ប្រយោជន៍ ការ​អធ្យាស្រ័យ ឬក៏​ការលើកលែងទោស​ពី​អ្នក គឺហៅថា​គុណធម៌​។ ​បើ អ្នកមាន​ទ្រព្យ​ច្រើន ហើយ​លះបង់​ទ្រព្យ​ខ្លះ ដើម្បី​ជួយ​អ្នកក្រខ្សត់ ​ហៅថា​គុណធម៌​។ បើ​អ្នកមានចំណេះដឹង ហើយ​ចែករំលែក​ចំណេះដឹង​ទៅ​ឲ្យ​អ្នកដ​ទៃ ព្រោះ​ចង់​ឲ្យ​អ្នកដទៃ មានចំណេះដឹង​ដូច​ខ្លួន ហៅថា​គុណធម៌​។ ឃើញ​អ្នកដទៃ មានទុក្ខ​សោក អ្នក​ទៅ​ជួយ​រកធ​ម្យោ​បាយ ដើម្បី​រំសាយ​ទុក្ខសោក​នោះ ហៅថា​គុណធម៌​។ បុគ្គល​ណា​ម្នាក់ ធ្វើ​ខុស​ចំពោះ​អ្នក ហើយ​អ្នក​លើកលែងទោស​ឲ្យ ហៅថា​គុណធម៌​។ ​ការ​មាន​ក្តី​សន្តោស ការអត់ឱន និងចេតនា​ចង់​ជួយ​អ្នកដទៃ គឺជា​ធាតុ​របស់​បុគ្គល ដែលមាន​គុណធម៌​។ ការមិន​ច្រណែន ការមិន​គុំកួន ការមិន​ព្យាបាទ ការមិន​ធ្វើបាប​អ្នកដទៃ ក៏​ជា​ធាតុ​របស់​បុគ្គល ដែលមាន​គុណធម៌​ដែរ​។ ​សុជីវធម៌ មិនអាច​កំណត់ថា មនុស្ស​ល្អ​ឬ​អាក្រក់​បានឡើយ​។ អ្នកខ្លះ មើលទៅ​ដូចជា​មាន​សុជីវធម៌​ដែរ ដូចជា​បង្ហាញ ឥ​រិ​យាបថ​សុភាពរាបសា ទន់ភ្លន់ ចេះ​គួរសម ហើយ​ត្រឹមត្រូវ​សម្បើម​ណាស់ ប៉ុន្តែ​មានចិត្ត​ឈ្នានីស និង​រុកកួន​អ្នកដទៃ ក៏​ថា​បាន​។ សុជីវធម៌ គ្រាន់តែ​រូបភាព​ខាងក្រៅ​របស់​មនុស្ស​ប៉ុណ្ណោះ មិនអាច​កំណត់​ទាំងស្រុង​ថា​ មនុស្ស​នោះ ជា​មនុស្ស​ល្អ ដែលមាន​សីលធម៌ ឬ​គុណធម៌​ឡើយ​។ មាន​សុជីវធម៌ តែ​មិនមាន​សីលធម៌ និង​ខ្វះ​គុណធម៌ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​។ ​មាន​សីលធម៌ ទើប​អាច​កំណត់​បាន​ថា​ជា​មនុស្ស​ល្អ​។ សីលធម៌ មានតម្លៃ​ខ្ពស់ជាង​សុជីវធម៌​។ អ្នក ដែល​មិន​ធ្វើអំពើ​អាក្រក់​ដាក់​អ្នកដទៃ គឺជា​អ្នក​ដែលមាន​សីលធម៌ ឬ​ហៅថា​សីល​។ ប៉ុន្តែ សីលធម៌ មិន​និយាយ​ដល់​ការជួយ​អ្នកដទៃ ឬ​មិន​ជួយ​នោះទេ គឺ​និយាយ​ត្រឹម​ថា មិន​ធ្វើអំពើ​អាក្រក់​ប៉ុណ្ណោះ​។

​ក្នុង​ចំណោម​ធម៌​ទាំងបី គុណធម៌ ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​។ បុគ្គល​ណា ដែលមាន​គុណធម៌ តែងមាន​លក្ខណៈ​ពីរ​យ៉ាង គឺ​ទីមួយ តាំងចិត្ត​ធ្វើ​ទង្វើ​ត្រឹមត្រូវ​ជានិច្ច ដោយ​មិន​ធ្វើអំពើ​ទុ​ច្ច​រឹត​ជាដាច់ខាត ហើយ​ទី​ពីរ ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​។ បុគ្គល​ណា មិន​ធ្វើ​អាក្រក់​ដាក់​អ្នកដទៃ ចាត់ទុកថា មាន​សីលធម៌ ហើយ​បើ​ចេះ​ជួយ​អ្នកដទៃ គឺ​ឈានដល់​កម្រិត​មួយទៀត គឺ​គុណធម៌​។​ ​ជារួម ឫកពា​សមគួរ ហើយ​សម្តី​ចេះ​គោរព​គេឯង ហៅថា​សុជីវធម៌​, តាំងចិត្ត​ថា​មិន​ធ្វើ​ទង្វើ​ដែល​ប៉ះពាល់​អ្នកដទៃ ហៅ​សីលធម៌​, មានក្តីសន្តោស និង​ជួយ​អ្នក​ដទៃ ហៅថា​គុណធម៌​។ ដើម្បី​ឲ្យ​សង្គម​ប្រកបដោយ​សុខដុមរមនា លុះត្រាតែ​មនុស្ស មាន​សុជីវធម៌ សីលធម៌ និង​គុណធម៌​។ បើ​ខ្វះ​ធម៌​ទាំង​បីប្រការនេះ មនុស្ស នឹង​រស់នៅ​មិន​ចុះសម្រុង​នឹងគ្នា មានទំនាស់​នឹង​គ្នា និង​មាន​សេចក្តី​ប្រមាថ​ចំពោះ​គ្នា ជា​ញឹកញាប់មិន​ខាន​៕