05/10/2024
វិសាខបូជា VISAKA PŪJĀ
☸️ពុទ្ធប្បវត្តិ (អំពីទ្រង់ប្រសូតិ,ត្រាស់ដឹង,បរិនិព្វាន)
🙏 ១- អំពីទ្រង់ប្រសូតិ
ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់ប្រតិសន្ធិនៅថ្ងៃព្រហស្បតិ៍ពេញបូណ៌មី ខែអាសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ ឆ្នាំជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ និងព្រះនាងមាយាទេវី ព្រះរាជានៃសក្យវង្ស គ្រងក្រុងកបិលភស្ដុ ដែនសក្កៈ គឺប្រទេសនេប៉ាល់សព្វថ្ងៃ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវ័នឧទ្យាន ដែលឋិតនៅក្នុងអាណាខេត្រនៃប្រទេសនេប៉ាល់ ជិតព្រំប្រទល់នេប៉ាល់ នឹងឥណ្ឌៀសម័យបច្ចុប្បន្ន។
ការប្រសូតនៃព្រះសិទ្ធត្ថកើតមានឡើងក្នុងពេលព្រះនាងមាយាទេវីជាព្រះវរមាតាទ្រង់ធ្វើដំណើរដោយរាជបរិពារ ចេញពីក្រុងកបិលពស្ដុ រាជធានីព្រះបាទសុទ្ធោទនៈជាព្រះស្វាមី ទៅកាន់ទេវទហៈព្រះរាជធានីព្រះរាជបិតារបស់ព្រះនាង។ កាលព្រះនាងយាងដល់លុម្ពិនីវ័ន ត្រង់ព្រំដែលកបិលពស្តុនឹងទេវទហៈ, វេលាថ្ងៃត្រង់ជាក់ ព្រះនាងក៏ប្រសូតព្រះរាជបុត្រពិសិដ្ឋ គឺ "ព្រះសិទ្ធត្ថ" ក្រោមដើមសាលព្រឹក្ស ១ ដើម។
ក្នុងពុទ្ធសករាជ ២៩៣ មុនគ្រិស្តសករាជ ២៥០ ឆ្នាំ ព្រះបាទអសោករាជាធិរាជប្រទេសឥណ្ឌៀបានទ្រង់ស្ដេចយាងទៅកាន់លុម្ពិនីវ័ន ទ្រង់បានចារឹកសសរថ្ម ១ កំពស់ប្រមាណ ១០ ម៉ែត្រ ទុកជាទីសំគាល់នៅទីប្រសូតនៃព្រះសក្យមុនីសម្ពុទ្ធ ជាពុទ្ធបូជនីយដ្ឋានទី ១ សម្រាប់ពុទ្ធបូជនីយេសក៏នានាធ្វើពុទ្ធបូជា។
🙏 ២- អំពីទ្រង់បានត្រាស់ដឹង
កាលព្រះសិទ្ធត្ថរាជមានវ័យចម្រើនឡើងទ្រង់សិក្សាវិជ្ជាអក្សរសាស្ត្រនឹងវិជ្ជាយុទ្ធសាស្ត្រក្នុងសំណាក់សាស្ត្រាចារ្យនាម "វិស្វាមិត្រ" លុះមានព្រះជន្ម ១៦ ឆ្នាំ ទ្រង់បានទទួលភិសេកជាមួយនឹងព្រះនាងពិម្ពាយសោធរាដែលមានព្រះជន្មដំណាលគ្នា សោយរាជ្យជាធំលើសក្យវង្ស គ្រងក្រុងកបិលពស្ដុ តំណាងព្រះបាទសុទ្ធោទនៈជាព្រះរាជបិតា នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ។ ទ្រង់សោយរាជបាន ១៣ឆ្នាំ ព្រះជន្ម២៩ ឆ្នាំ បានព្រះរាជបុត្រ ១ ព្រះអង្គព្រះនាម "រាហុល" ហើយទ្រង់ចេញទៅទ្រង់ព្រះផ្នួសក្នុងថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា នៅថ្ងៃដែលព្រះរាជបុត្រទ្រង់ប្រសូតនោះ, ព្រះអង្គទ្រង់ព្រះផ្នួសហើយទ្រង់ស្វែងរកមោក្ខធម៌ដោយការប្រព្រឹត្តទុក្ករកិរិយាអត្តកិលមថានុយោគ ដើម្បីពិសោធរកពោធិញ្ញាណ អស់ថិរវេលា៦ឆ្នាំ ក្នុងឧរុវេលាប្រទេស មគធរដ្ឋ។
ក្រោយពេលទ្រង់លះការប្រព្រឹត្តទុក្ករកិរិយាចេញហើយបែរមកបំពេញមជ្ឈិមាបដិបទាវិញ ទ្រង់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធប្រាកដឡើងក្នុងលោក នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំវក មុនពុទ្ធសករាជ ៤៥ ក្រោមពោធិព្រឹក្ស ១ ដើម នៅខាងលិចស្ទឹង នៅខាងលិចស្ទឹងនេរញ្ជរា នាមណ្ឌលគយា ដែលសព្វថ្ងៃហៅ "ពុទ្ធគយា" ឋិតនៅចម្ងាយជាង១០គីឡូម៉ែត្រ ខាងត្បូងក្រុងគយា ក្នុងរដ្ឋពិហារ ប្រទេសឥណ្ឌៀ។
ពុទ្ធគយាជាពុទ្ធបូជនីយដ្ឋានទី ២ សម្រាប់ពុទ្ធបូជនីយេសក៍នានាធ្វើពុទ្ធបូជា ដែលសកលលោកស្គាល់បានដោយសារព្រះបាទអសោករាជាធិរាជទ្រង់បានសាងព្រះចេតិយ ១ ធំខ្ពស់ហៅ "ចេតិយពុទ្ធគយា" នឹងចេតិយតូចៗ ជាច្រើន នៅមានដល់សព្វថ្ងៃ។
ក្រោយពុទ្ធបរិនិព្វាន, ពុទ្ធបរិស័ទ្ធបានសាងវិហារជាច្រើននៅទីទ្រង់ត្រាស់ដឹងនោះ, តែវិហារទាំងនោះបាក់បែកអស់ទៅហើយ នៅសល់តែវិហារ១ មានព្រះពុទ្ធរូបមារវិជ័យ១ព្រះអង្គធំ លាបទឹកមាស ទ្រង់ព្រះភ្នែន ព្រះហស្ថស្ដាំចង្អុលផែនដី ជាភស្ដុតាងចំពោះកិច្ចដែលព្រះសម្ពុទ្ធទ្រង់ឈ្នះមារហើយទ្រង់ត្រាស់ដឹងព្រះសព្វញ្ញុតញ្ញាណ។
សព្វថ្ងៃទីពុទ្ធគយាមានដើមពោធិ៍១ ដើមថ្មីដុះចេញពីដើមពោធ៍ចាស់ដែលក្ស័យទៅហើយ។
ក្នុងបច្ចុប្បន្នកាល ទីពុទ្ធគយាជាទីប្រជុំគណៈកម្មការទីប្រឹក្សាខាងព្រះពុទ្ធសាសនា ដែលប្រទេសនានាជាប្រទេសកាន់ព្រះពុទ្ធសាសនាក្នុងសកលលោកមានប្រទេសកម្ពុជាយើងជាដើម បានបញ្ជូនប្រតិកូទៅរួមប្រជុំផង។
🙏 ៣- អំពីទ្រង់បរិនិព្វាន
លំដាប់ពីទ្រង់សំដែងព្រះធម្មចក្កមក, ព្រះសម្មាសម្ពុទ្ធបានត្រាច់ចរប្រកាសសាសនាប្រោសវេនេយ្យសត្វ ដោយទ្រង់ប្រព្រឹត្តពុទ្ធកិច្ច ៥យ៉ាងគឺ៖
១- ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត,
២- ពេលរសៀលទ្រង់សំដែងធម៌ប្រោសចតុព្វធពុទ្ធបរិស័ទ,
៣- ពេលព្រលប់ទ្រង់ប្រទានឱវាទពួកភិក្ខុ
៤- ពេលអធ្រាត្រទ្រង់ដោះបញ្ហានៃទេវតា
៥- ពេលបែកបច្ចូសទ្រង់ប្រមើលមើលឧបនិស្ស័យសត្វដែលគួរប្រោស ឬមិនគួរប្រោសនៅក្នុងមធ្យមប្រទេស គឺប្រទេសឥណ្ឌៀអស់វេលា ៤៥ ឆ្នាំ គឺចាប់ផ្ដើមប្រកាសពីព្រះជន្ម ៣៥ រហូតដល់ព្រះជន្ម ៨០ ត្រាតែមានពុទ្ធបរិស័ទទាំង ៤ គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា គ្រប់គ្រាន់ អាចទ្រទ្រង់អាចផ្សាយព្រះពុទ្ធសាសនាជំនួសព្រះអង្គតមកបាន ទើបទ្រង់ស្ដេចយាងទៅចូលព្រះបរិនិព្វាននៅថ្ងៃអង្គារ ខែពិសាខ ឆ្នាំម្សាញ់ មុនពុទ្ធសករាជ ១ថ្ងៃ ក្រោមដើមសាលព្រឹក្សទាំងគូរ នៅខាងលិចក្រុងកុសិនារា គឺកុសិនគរៈឬភស្សិ ដែលឋិតនៅចម្ងាយ ៩ គីឡូម៉ែត្រពីក្រុងគោរក្ខបូរ នៅរដ្ឋឧត្ដរ ប្រទេស នាប្រទេសឥណ្ឌៀសម័យបច្ចុប្បន្ន។
ព្រះបរមសពនៃព្រះសម្មាសម្ពុទ្ធ ពុទ្ធបរិស័ទបានបូជាព្រះភ្លើង ក្នុងថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ នៅមកុដពន្ធនៈចេតិយ ឬអង្គរៈចេតិយ ខាងកើតក្រុងកុសិនគរៈ គឺរាមករៈចេតិយសព្វថ្ងៃ។ ក្រោយពេលបូជាគេបានបែងចែកព្រះបរមសារីរិកធាតុជា ៨ចំណែក រវាងព្រះរាជា ៨រដ្ឋ នាធម្យមប្រទេសសម័យនោះ។
ក្នុងសម័យពុទ្ធបរិនិព្វាន កុសិនគរៈជាក្រុងមានប្រាសាទព្រះស្ដូបពុទ្ធបូជនីយដ្ឋានជាច្រើន សម័យបច្ចុប្បន្នដោយហេតុគេបោះបង់ទីក្រុងទៅ ពុទ្ធបូជនីយដ្ឋាននៅទីក្រុងនោះក៏បានបាក់បែកអស់ នៅមានតែមហាបរិនិព្វានស្ដូប ១ នឹងព្រះវិហារ១ ដំកល់ព្រះពុទ្ធរូបបរិនិព្វាន ១ ព្រះអង្គធំ។ ទីទ្រង់បរិនិព្វានជាពុទ្ធបូជនីយដ្ឋានទី ៤ សម្រាប់ពុទ្ធបូជនីយេសក៍ធ្វើពុទ្ធបូជា។
ដកស្រង់ចេញពីសៀវភៅ៖ ព្រះពុទ្ធសាសនា ២៥០០
------------->
ធម្មទានដោយ ធម្មយាត្រា Dhammayietra