12/12/2025
ឱ! កេត សុភ័ក្ត្រា វីរភាពដែលជាតិចងចាំ😭😭😭
សំដីមាសដ៏អន្លង់អន្លោចរបស់វីរយុទ្ធជន កេត សុភ័ក្ត្រា ដែលថា «ជីវិតនេះ មិនមែនជារបស់ខ្ញុំទេ គឺរបស់ប្រទេសជាតិ របស់បងប្អូនប្រជាពលរដ្ឋ!» នៅតែលាន់ឮដូចរន្ទះ នាំមកនូវក្តីក្រៀមក្រំ និងការគោរពដ៏ជ្រាលជ្រៅដល់យើងគ្រប់គ្នា។ ការបាត់បង់លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ក្នុងវ័យត្រឹម ៤០ ឆ្នាំ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិមាតុភូមិ។
លោកបានពលីជីវិតដ៏ថ្លៃថ្លានេះ នៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែធ្នូ ក្នុងសមរភូមិដ៏តានតឹងទល់នឹងកងទ័ពឈ្លានពានថៃ ក្បែរប្រាសាទតាមាន់ធំ នៃខេត្តឧត្តរមានជ័យ។ ថ្វីដ្បិតតែការបាត់បង់នេះនាំមកនូវទុក្ខសោកយ៉ាងធំធេង, ប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈរបស់វីរកងទ័ពរូបនេះ ដែលយល់ថា ការស្លាប់ក្នុងភ្លើងសង្គ្រាម គឺជា កិត្តិយស ជាមោទនភាពរបស់កងទ័ព។
លោក កេត សុភ័ក្ត្រា បានឈានជើងមកដល់កន្លែងប្រយុទ្ធដោយចិត្តមុតស្រួច ព្រោះលោកយល់ថា ការលះបង់ដើម្បីប្រទេសជាតិ គឺមានតម្លៃបំផុតសម្រាប់លោក។ លោកបានបូជាទាំងស្រុងនូវអ្វីៗដែលលោកមាន តាមរយៈឧត្តមគតិដ៏វិសេសវិសាលថា៖ «ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឱ្យគ្រួសារបូជា»។ សំដីនេះ គឺជាពាក្យពេចន៍ដែលដក់ជាប់ក្នុងអារម្មណ៍ ដែលបង្ហាញថាលោកបានលះបង់គ្រប់យ៉ាង ដោយគ្មានការស្តាយក្រោយទាល់តែសោះ។
យើងនៅចាំមិនភ្លេចទេ ក្រៅពីជាវីរយុទ្ធជនដ៏អង់អាចក្លាហាន, លោក កេត សុភ័ក្ត្រា ក៏ជាបុគ្គលដែលមានទេពកោសល្យសិល្បៈផងដែរ។ កាលពីថ្ងៃទី២៣ ខែកក្កដា លោកបានបង្ហើសំនៀងយ៉ាងពីរោះ នូវបទ «នាវាជីវិត» អមដោយតន្ត្រីវីយូឡុងយ៉ាងពិរោះរណ្តំ។ ឥឡូវនេះ សំនៀងនោះហាក់ដូចជាបទចម្រៀងលាគ្នាជាអមតៈ មុនពេលនាវាជីវិតរបស់លោកចាកចេញទៅដោយគ្មានថ្ងៃត្រឡប់។
ទោះបីជាពិធីបុណ្យសពបានប្រព្រឹត្តទៅនៅភូមិសាលាកន្សែង ខេត្តសៀមរាប ក៏ដោយ, តែដួងវិញ្ញាណរបស់លោកនឹងនៅស្ថិតស្ថេរជារៀងរហូត។ សូមវិញ្ញាណក្ខន្ធ វីរយុទ្ធជន កេត សុភ័ក្ត្រា ឆ្ពោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងគ្រប់គ្នាចង់ចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរបុរសជាតិរូបនេះ!