24/11/2024
ពាក្យម្តាយទូន្មាន ❤️
១ កូនអើយ! កូនម្តាយបណ្តូលចិត្ត ចូរស្តាប់ពាក្យពិតពីម្តាយថ្លៃ
ម្តាយតែងទូន្មានកូនរាល់ថ្ងៃ ឱ្យស្ងួនចរណៃខំសិក្សា។
២ កូនអើយ! ខំរៀនឱ្យបានខ្លាំង ម្តាយមានកម្លាំងប្រឹងធ្វើការ
រកលុយឱ្យកូនទៅសាលា ព្រោះចង់ប្រាថ្នាឱ្យកូនល្អ។
៣ ចង់ឃើញកូនស្ងួនមានបញ្ញា កូនមានអនាគតបវរ
ធ្វើឱ្យពុកម៉ែសែនត្រេកអរ នឿយក៏ត្រដរប្រឹងព្រោះថ្លៃ។
៤ កូនអើយ! កូនស្តាប់បណ្តាំម៉ែ រាល់យប់ថ្ងៃខែម៉ែស្រមៃ
កុំធ្វើឱ្យម្តាយខកហឫទ័យ ម្តាយច្បាស់ក្សិណក្ស័យសូន្យសង្ខារ
៥ ចូរនៅឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់បំពានក្រែងមរណា
កុំភ្លើតភ្លើននឹងភាពហ៊ឺហា កុំភ្លេចអាត្មាកូនអ្នកក្រ។
៦ កូនអើយ! កុំចាយលុយខ្ជះខ្ជាយ អាណិតអ្នកម្តាយខំត្រដរ
រកបានម្តងៗដោយកម្រ ម្តាយសូមអង្វរចេះគិតផង។
៧ កុំប្រព្រឹត្រខុសច្បាប់សង្គម ធ្វើឱ្យសមរម្យតាមគន្លង
កុំបំពានគេនាំសៅហ្មង ត្រូវទុកជាបងប្អូនឬមិត្ត
៨ ដំបូន្មានម្តាយមានបុណ្ណឹង ចូរកូនព្រលឹងចាំក្នុងចិត្ត
ធ្វើខ្លួនជាមនុស្សសុចរិត វាសនាកូនពិតមានរស្មី៕