24/08/2022
#មិនថាដើរយឺតយ៉ាងណា_ឱ្យតែនៅសល់កម្លាំងបោះជំហានទៅមុខ_ក៏រាប់ថាជាជោគជ័យមួយផងដែរ
នៅប្រទេសខ្លះ ភាពជោគជ័យរបស់ពលរដ្ឋម្នាក់ៗមិនស្មើគ្នាទេ។ ពេលខ្លះ ខុសគ្នាឆ្ងាយសែនឆ្ងាយ ដូចមេឃនិងដីអ៊ីចឹង។ ហេតុអ្វីខុសសម្បើមគ្នាម្ល៉េះ? នោះក៏ព្រោះតែមនុស្សនៅលើផែនដីនេះ មានវាសនាខុសគ្នាតាំងពីចាប់កំណើតរួចស្រេចទៅហើយ។ អ្នកខ្លះកើតក្នុងត្រកូលខ្ពង់ខ្ពស់ ទទួលបានការអប់រំល្អប្រសើរ និងស្ថិតនៅក្នុងប្រទេសដែលមានស្ថានភាពសេដ្ឋកិច្ចល្អ ស្ថានភាពនយោបាយល្អ និងស្ថានភាពបរិស្ថានអំណោយផលល្អប្រសើរ។ អ្នកខ្លះទៀត ចាប់កំណើតភ្លាមគឺពើបប្រទះនឹងស្ថានភាពអាប់អួ ស្រុកទេសចលាចល សេដ្ឋកិច្ចក្រិន សង្គមជុំវិញពុំអំណោយផលដល់ការសិក្សារៀនសូត្រ ជាដើម ដែលជាហេតុបណ្តាលឱ្យគាត់បាត់បង់នូវទុនធម្មជាតិរួចជាស្រេចទៅហើយ។
ខ្ញុំដឹងថាសង្គមអាប់អួ សេដ្ឋកិច្ចក្រិន ប្រព័ន្ធអប់រំទន់ខ្សោយ តែងបណ្តាលឱ្យមនុស្សប្រាស្រ័យក្នុងសង្គមនោះ ដើរទៅមុខបានដោយលំបាក។ អ្នកខ្លះដើរទៅមុខបានតែបន្តិច ក៏រអិលដួលផ្ញារជើង។ អ្នកខ្លះទៀតដើរទៅមុខបានយ៉ាងត្រដាបត្រដួស ដ្បិតឆ្លងកាត់ផ្លូវរដេបរដុប មុតបន្លាផង ឈ្លក់ទឹកផង ដើរកាត់ថ្លុកដែលមានល្បាប់ភក់ជ្រៅផង ផុងមុខផុងក្រោយ ស្ទើរដកជើងបោះជំហានទៅមុខពុំរួច។ តែទោះជាយ៉ាងណា ដោយសារភាពអំណត់អត់ធ្មត់និងតស៊ូ ចុងក្រោយគេអាចផ្លាស់ប្តូរជីវិតគេ រហូតក្លាយខ្លួនជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ។ ភាពល្អអស្ចារ្យរបស់យើង នាំឱ្យយើងរីកសាយចិត្តគំនិត ជីវិតមានខ្លឹមសារ ហើយនិងមានផ្លូវដើរស្រួលជាងមុន។
អ៊ីចឹង ខ្ញុំចង់ផ្តាំផ្ញើទៅយុវជនយើងទាំងអស់គ្នាថា កុំឆាប់អស់សង្ឃឹមក្នុងជីវិតនិងឆាប់បោះបង់ការព្យាយាមដោយងាយៗពេកអី។ អ្នកត្រូវតែមានភាពអត់ធន់ខ្ពស់, មានភាពច្បាស់លាស់និងត្រូវតែមានក្តីស្រមៃ ហើយស្រមៃឱ្យបានធំ បន្ទាប់មកដេញតាមចាប់ក្តីស្រមៃនោះឱ្យជាប់ ដុសខាត់វាឱ្យភ្លឺចែងចាំងនិងរុញវាឱ្យដើរទៅមុខ។ ទោះតិចឬច្រើន វានឹងអាចទៅមុខរួច។ បើទៅមុខហើយ មានន័យថា មាគ៌ាឆ្ពោះទៅកាន់ពិភពលោក នឹងបើកបង្អួចផ្តល់ពន្លឺចូលមកក្នុងទីងងឹតដែលយើងកំពុងស្រវាចេញទៅ។ ជឿខ្ញុំចុះ! បើទោះបីត្រឹមប្រហោងតូចក៏ដោយចុះ ប៉ុន្តែវានឹងអាចនាំយើងឱ្យមើលឃើញពិភពលោកដ៏ធំធេង។ បើមានឱកាសឈរហើយ ត្រូវប្រឹងប្រែងឱ្យកាន់តែខ្លាំង ធ្វើងយ៉ាងម៉េចឱ្យខ្លួនប្រាណយើងខ្ពស់ឡើងៗហួសពពកទៅទៀតក៏បាន។ ធ្វើអ្វីក៏ដោយ យុវជនយើងមិនត្រូវស៊ើកមមើកទេ ត្រូវតែទៅឱ្យផុត មកឱ្យផុត ព្រោះថានៅលើលោកនេះ បើយើងហ៊ានតែស៊ើកមមើកៗ ដឹងតែលិចលង់ខ្លួនទៅក្នុងបាតាលបាត់ដានមិនខានហើយ ។
ថ្វើបើយើងមិនអាចកែប្រែកំណើតបាន យើងអាចបើកចិត្តទទួលយក តែមានសិទ្ធិមិនចុះញ៉ម ហើយប្រឹងប្រែងតស៊ូយកឈ្នះឧបសគ្គ និង បញ្ហាដែលហូរចូលក្នុងជីវិតយើង។ ចាំណា! ត្រូវតាំងចិត្តឱ្យមាំ ដើរលើផ្លូវដោយអង់អាច បើជួបបញ្ហាមួយដោះមួយ ជួបពីរដោះពីរ ពោលត្រូវក្រាញ់ននៀលតទល់នឹងឧបសគ្គឱ្យអស់ពីលទ្ធភាព។ មិនថាដើរយឺតយ៉ាងណាក៏ដោយ ឱ្យតែនៅសល់កម្លាំងបន្តដំណើរទៅមុខ អាចរាប់ថាជាជោគជ័យមួយផងដែរ៕
#សម្រង់ប្រសាសន៍អ្នកឧកញ៉ាវេជ្ជបណ្ឌិត_គួចម៉េងលី