05/10/2023
មនុស្សខ្លះនិយាយថារាប់អានគ្នាមិនគិតពីផលប្រយោជន៍ទេ តែតាមការពិតប្រហែលជាពួកគាត់ឱ្យនិយមន័យពាក្យផលប្រយោជន៍ចង្អៀតពេកឬមានការយល់ច្រឡំ "ផលប្រយោជន៍ ទៅជា ផលប្រយោជន៍តែម្ខាង"។ ផលប្រយោជន៍នៅទីនេះមិនសំដៅលើ លុយតែម្យ៉ាងទេ វាអាចជា ព័ត៌មាន ការលើកទឹកចិត្ត ការកម្សាន្ត ការផ្តល់យោបល់....។ នៅក្នុងទំនាក់ទំនងមិនថាជាលក្ខណៈឯកជន សាធារណៈ ឬទំនាក់ទំនងអន្តរជាតិគឺផ្ដោតសំខាន់ទៅលើផលប្រយោជន៍។ ទំនាក់ទំនងមានភាពល្អប្រសើរ និងយូរអង្វែងដរាបណាមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សូម្បីតែនៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរអ្នកក៏ពួកគេតែងតែរំពឹងចង់បានអ្វីមួយពីភាគីសងខាងទៅវិញទៅមកដែរ ដូចការផ្ដល់នូវក្ដីស្រឡាញ់ ការការពារ ការលួងលោម វត្ថុមានតម្លៃ... បើគ្មានរបស់ទាំងនេះទេទំនាក់ទំនង។ នៅក្នុងទំនាក់ទំនងមិត្តភក្តិ មនុស្សពីរអាចរាប់អានគ្នាដោយសារតែភាពចុះសម្រុងនិងគ្នា ហើយចេះចែករំលែកចំណេះដឹង បទពិសោធន៍ និងជួយគ្នាក្នុងគ្រាជួបបញ្ហាដែលអាចជាហិរញ្ញវត្ថុ សម្ភារៈ និងអាចជាគំនិតក្នុងការដោះស្រាយបញ្ហា... វាជាផលប្រយោជន៍ដែលជួយបំពេញគ្នាទៅវិញទៅមក ដូចក្នុងរឿង អាខ្វាក់អាខ្វិន អាខ្វាក់មានកម្លាំង មានដៃជើង ចំណែកអាខ្វិនមានភ្នែកអាចមើលឃើញ ដែលអាចបំពេញគ្នាទៅវិញទៅមក មិនអាចខ្វះគ្នាបាន។ បើគ្រប់ពេលភាគីម្ខាងចង់បានតែផលប្រយោជន៍ពីភាគីម្ខាងទៀតនោះទំនាក់ទំនងនិងប្រេះស្រាំជាមិនខាន។ នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋពីរធ្វើការទំនាក់ទំនងគ្នាដោយផ្ដោតលើផលប្រយោជន៍ផ្សេងៗពីគ្នា ជួនកាលជាផលប្រយោជន៍សេដ្ឋកិច្ច ជួនកាលជាផលប្រយោជន៍ការទូត ហើយពេលខ្លះជាផលប្រយោជន៍យោធា ...។ សូម្បីតែនៅក្នុងខ្លួនប្រាណមនុស្សយើង ដៃជើងខិតខំធ្វើការ បម្លាស់ទី មាត់ខំនិយាយចរចាបរិភោគ ត្រចៀកខំស្ដាប់... ទាំងអស់នេះគឺជាការបពេញគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួម បើផ្នែកណាមួយមានបញ្ហានោះវានឹងនាំបញ្ហាទៅផ្នែកផ្សេងទៀត គ្រាន់តែវាខុសគ្នាត្រង់ថារាងកាយយើងកើតមកជាប់គ្នាតាំងពីកំណើត ទោះមានបញ្ហាក៏ពិបាកផ្ដាច់ទំនាក់ទំនងគ្នា ដែលផ្ទុយពីមនុស្សពីរនាក់ដែលអាចផ្ដាច់ទំនាក់ទំនងគ្នាជាង ដូច្នេះវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ។