23/06/2024
ជីវិតយើងម្នាក់ៗដែលកើតមកនៅក្នុងវដ្តសង្សារនេះមានផ្ទុកនូវរឿងរ៉ាវជាច្រើនណាស់ហើយរឿងទាំងអស់នោះសុទ្ធតែជាបញ្ហាស្មុគស្មាញបំផុតដែលដោះស្រាយមិនចេះចប់ព្រោះបញ្ហាជីវិតនេះជាប់ជំពាក់តគ្នាក្នុងអតីត បច្ចុប្បន្ន អនាគតកើតរលត់តគ្នាមិនដាច់ប្រភពបញ្ហាទាំងអស់នោះកើតឡើងចេញតែពីខ្លួនយើងសាងហើយគ្មានអ្នកណាគេមកទទួលជំនួសយើងបានទេទោះបីអ្នកទាំងអស់នោះជាអ្នកមានទ្រព្យសម្បត្តិក្តីអ្នកក្រក្តី អ្នកមានយសក្តីអត់យសក្តី អ្នកមានអំណាចក្តីអត់អំណាចក្តី មានញាតិបរិវារច្រើនក្តីអត់ញាតិបរិវារក្តីព្រោះដំណើរជីវិតនេះអាស្រ័យកម្មរបស់យើងផ្ទាល់។បើយើងបានដឹងច្បាស់នូវបញ្ហាកម្មផលទៅតាមសភាពពិតហើយឈ្មោះថាយើងបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ខ្លួនយើងបានសាងសន្សំអំពើល្អដែលជាកុសលជួយទំនុកបម្រុងដល់ជីវិតឱ្យប្រសើរខ្ពង់ខ្ពស់តាមលំដាប់ព្រោះបុណ្យដែលយើងធ្វើមិនបាត់បង់ទៅណាចោលយើងទេ ធម្មជាតិចិត្តសន្សំសន្តានដោយអំណាចជវនវិថីដែលសន្សំកំលាំងបុណ្យជាគុណធម៌សម្រាប់ជួយចិត្តឱ្យមានទីពឹងដ៏ប្រសើរដើម្បីរំដោះចិត្តឱ្យរួចចាកអំពីភ័យទាំងពួង។ឯចំណែកកំលាំងទាំង៤សម្រាប់សង្គ្រោះចិត្តឱ្យផុតចាកភ័យនោះគឺៈ
១ បញ្ញាពលៈ កំលាំងបញ្ញា
២ វិរិយពលៈ កំលាំងព្យាយាមក្នុងបធាន៤
៣ អនវជ្ជពលៈកំលាំងសុចរិត៣ដែលមិនមានទោស
៤ សង្គហពលៈ កំលាំងសង្គហគឺសេចក្តីសង្គ្រោះ
បណ្តាកំលាំងទាំង៤នេះព្រះអង្គសំដែងប្រាប់ក្នុងពលសូត្រថាអរិយសាវកទាំងឡាយលោកមានកំលាំងនេះរមែងរួចចាកភ័យខ្លាចផ្សេងៗមានអាជីវិតភ័យ គឺភ័យអំពីការរកសុីចិញ្ចឹមជីវិត អសិលោកភ័យគឺភ័យពីការនិន្ទា ច្រណែនឈ្នានីស បរិសំសារជ្ជភ័យគឺភ័យពីការកោតក្រែងខា្លចគេ មរណភ័យគឺភ័យខ្លាចស្លាប់ ទុគ្គតិភ័យគឺភ័យខ្លាចធ្លាក់ក្នុងអបាយព្រោះចិត្តបានចម្រើនដោយកំលាំងនេះហើយជាចិត្តស្ងប់សុខក្រៃលែងជាបរមត្ថសុខម្លោះហើយជីវិតនេះជួបតែរឿងល្អជួបតែមនុស្សល្អជាសប្បុរសចិត្តក៏បរិសុទ្ធក្សេមចាកទុក្ខភ័យទាំងពួង។
ភន្តេៈធម្មត្ថេរោ