24/12/2021
ភ្នំឱរ៉ាល់ឋិតនៅប៉ែកខាងកើតនៃតំបន់ជួរភ្នំក្រវ៉ាញ ជាផ្នែកមួយនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបាន បង្កើតឡើងក្នុងឆ្នាំ ១៩៩៣។ ហើយភ្នំឱរ៉ាល់មានកម្ពស់ ១,៨១៣ម៉ែត្រ គឺជាភ្នំខ្ពស់ជាងគេនៅក្នុង ប្រទេសកម្ពុជា។ ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ជាកន្លែងរស់នៅ បន្តពូជ និងរកចំណីអាហាររបស់សត្វព្រៃ ច្រើនប្រភេទរួមទាំងសត្វស្លាប ជាពិសេសសត្វដែលនិយមរស់នៅរយៈកម្ពស់ខ្ពស់ជាដើម។
ភ្នំឱរ៉ាល់ជាគោលដៅដ៏សំខាន់មួយក្នុងប្រទេសកម្ពុជាសម្រាប់ការថតរូបសត្វស្លាបសំខាន់ៗ (សត្វស្លាប ខ្លះមិនទាន់បានកត់ត្រានៅតំបន់ផ្សេងនៅឡើយ) មកចែករំលែក និងផ្សព្វផ្សាយជាសាធារណៈ។ សមាជិកក្រុមថតសត្វស្លាបកម្ពុជា បានធ្វើដំណើរឡើងភ្នំឱរ៉ាល់ជារៀងរាល់ឆ្នាំ (២០១៨; ២០១៩; ២០២០ និង ២០២១) ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ២០១៧។ សត្វស្លាបសំខាន់ៗចំនួន ១០ប្រភេទខាងក្រោម ជាលទ្ធផលរបស់ក្រុមថតសត្វស្លាបកម្ពុជាដែលបានចំណាយពេល ៤ដងក្នុងការថតសត្វស្លាបលើភ្នំឱរ៉ាល់៖
១) រូបទី ១៖ ចកវ៉កកម្ពុជា (Cambodian Laughingthrush)
២) រូបទី ២៖ ល្វាចេកភ្នំក្រវ៉ាញ (Cambodian Blue Robin)
៣) រូបទី ៣៖ ចាបផ្កាកម្ពុជា (Cambodian Flowerpecker)
៤) រូបទី ៤៖ ចាបព្រៃកន្ទុយគត់ (Pygmy Cupwing)
៥) រូបទី ៥៖ ចាបស៊ីរុយចិញ្ចើមស (Snowy-browed Flycatcher)
៦) រូបទី ៦៖ ពពេចព្រៃបៃតង (Green Cochoa)
៧) រូបទី ៧៖ ប៉ាក់ខ្ទៀវខៀវ (Blue Pitta)
៨) រូបទី ៨៖ ឪឡភ្នំ (Mountain Scops-owl)
៩) រូបទី ៩៖ ចាបស៊ីរុយធំខៀវ (Large Niltava)
១០) រូបទី ១០៖ ពពេចភ្នំ (Mountain Bulbul)
ក្រុមថតសត្វស្លាបកម្ពុជា (Cambodia Bird Photography) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ មានគោលបំណងក្នុងការចូលរួមលើកកម្ពស់ការមើល និងការថតសត្វស្លាបនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និង ឧបករណ៍ពាក់ព័ន្ធនឹងការមើល និងការថតសត្វស្លាប។