21/10/2024
Tesla Phone π
TeslaPhoneមានពិតឬយ៉ាងណា?
ហេតុផលមួយចំនួនបង្ហាញថាគម្រោងផលិតទូរសព្ទរបស់ក្រុមហ៊ុន Tesla គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះផ្អែកលេីបច្ចេកវិទ្យាបច្ចុប្បន្ន។
ការលើកឡើងដែលមិនសមហេតុផលបំផុត គឺការសាកថ្មដោយប្រើប្រាស់កោសិកាពន្លឺព្រះអាទិត្យ ឬកោសិកាសូឡា (Solar Cell)។ ហេតុផលគឺថា បច្ចេកវិទ្យានេះត្រូវការថាមពលពន្លឺព្រះអាទិត្យជាដាច់ខាត ជាពិសេសគឺថាមពលពន្លឺមើលឃើញ (Visible Light) ដែលមានថាមពលគ្រប់គ្រាន់ ដើម្បីផ្តាច់អេឡិចត្រុងសេរីរបស់សារធាតុសឺមីកុងឌុចទ័រ ដែលគេប្រើប្រាស់ដើម្បីផលិតកោសិកាសូឡា។
បន្ថែមពីនេះ បច្ចេកវិទ្យាបច្ចុប្បន្ន ប្រសិទ្ធភាពនៃការបំប្លែងថាមពលរបស់កោសិកាសូឡា នៅមានកម្រិតទាបនៅឡើយ ដោយខ្ពស់បំផុតត្រឹមតែ ២៧% ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទោះបីជាមានប្រសិទ្ធភាពខ្ពស់បំផុតក៏ដោយ ក៏ការសាកថ្មទូរសព្ទដែលមានកម្លាំងថ្មត្រឹម 3000mAh-4000mAh សម្រាប់ការប្រើប្រាស់កម្រិតមធ្យមប្រចាំថ្ងៃ ត្រូវការផ្ទៃកោសិកាសូឡាយ៉ាងហោចណាស់ប៉ុនក្រដាស់ A4 ដែលធំពេកមិនអាចដាក់បញ្ចូលទៅក្នុងទូរសព្ទបានឡើយ។ សំណួរបន្ទាប់គឺថា តើត្រូវដាក់ផ្ទៃកោសិកាសូឡានៅទីតាំងណា និងដាក់ដោយរបៀបណា ទើបអាចទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ សម្រាប់សាកថ្មទូរសព្ទ?
មិនតែប៉ុណ្ណោះ កត្តាមួយទៀតដែលត្រូវពិចារណា គឺតម្រូវការថាមពលខ្ពស់ សម្រាប់បញ្ជូនទិន្នន័យតាមរយៈ Starlink ពីផែនដីទៅកាន់ផ្កាយរណបដែលស្ថិតនៅឆ្ងាយពីផែនដី ចុះទម្រាំទៅភពព្រះចន្ទឬព្រះអង្គារ? ជាទូទៅ ការបញ្ជូនទិន្នន័យតាមរយៈ Starlink ប្រើប្រាស់ថាមពលច្រើនជាងការប្រើប្រាស់ WiFi ឬ 5G ដែលជាបញ្ហាប្រឈមមួយទៀត សម្រាប់គម្រោងផលិតទូរសព្ទរបស់ Tesla។
ដូច្នេះ គម្រោងផលិតទូរសព្ទរបស់ Tesla ទំនងជាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។