25/12/2023
-ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ជៀសវាងឱ្យបានពីការរិះគន់នៃការអនុវត្តច្បាប់ចរារណ៍នេះ។
-កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។
-ត្រូវពង្រឹងការទុកដាក់សំរាម ធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានការផ្ញើរម៉ូតូ ឡានតាមផ្លូវនិងការលក់ដូរតាមដងផ្លូវដាច់ខាត ជាមួយនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
-អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់ត្រូវសហការជាមួយស្រុក ខេត្តជាប់ព្រំដែន ដើម្បីរក្សាអោយបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ។ការងារសន្តិសុខ ជាការងារដែលយើងត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ដែលត្រូវអនុវត្ត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយសារតែមានកម្មវិធីសប្បាយភាពច្រើន ដែលកងកម្លាំងត្រូវការពារ។
-ពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយនិងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ។
-ពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅក្នុងមូលដ្ឋានថា តើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ ជាមួយនិងពិនិត្យឡើងវិញចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាតាមច្រកចេញ ចូលតែមួយកាន់តែល្អប្រសើរទទួលបាននូវការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។
សារខាងលើនេះគឺជាប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលារាជធានីភ្នំពេញ។