11/04/2024
ខ្ញុំសូមបដិសេធទាំងស្រុង ការដែលលោក ជុន ចន្ទបុត្រ បកស្រាយគំនិតខ្ញុំខុស ទាក់ទងរឿងបច្ចេកពាក្យ«សង្ក្រាន្ត» នៅក្នុងការផ្សាយរបស់ RFA កាលពីយប់ថ្ងៃទី១០ មេសា ២០២៤។
សូមលោក ជុន ចន្ទបុត្រ កែតម្រូវឲ្យខ្ញុំវិញផង!!!
សំណេររបស់ខ្ញុំនៅប្រយោគចុងក្រោយថា «នាំឲ្យខ្មាសគេណាស់» នៅក្នុងការផ្សាយកាលពីថ្ងៃអាទិត្យទី៣១ខែមីនាឆ្នាំ២០២៤នោះ គឺ សំដៅតែរឿង កាត់ពាក្យ«សង្ក្រាន្ត» លើសិលាចារឹក មិនបានត្រឹមត្រូវ និងអានពាក្យ «សង្ក្រាន្ត» ឬ «ង៑ក្រាន្ត»ទៅជា «ចក្រាន្ត» តែប៉ុណ្ណោះ។
ជាក់ស្ដែងសិលាចារឹកថា «សង៑ក្រាន៑ត» គេកាត់ត្រឹម «ង៑ក្រាន៑ត» ដោយអានថា «ចក្រាន» និងមួយទៀត «សង៑ក្រាន្ត» គេកាត់ត្រឹម «ង៑ក្រាន្ត េ» ដោយអានថា «ចក្រាន្ត» ដែលបង្ហាញថា អ្នកកាត់ពាក្យនេះ មិនចេះអក្សរខ្មែរបុរាណនោះទេ ទើបគាត់អានព្យញ្ជនៈ «ង»ទៅជា «ច» វិញ។
ខ្ញុំមិនទាន់បានស្រាវជ្រាវ ពិនិត្យផ្ទៀងផ្ទាត់បច្ចេកពាក្យនេះថា មានន័យ ដូចម្តេច និងត្រាប់តាមថៃ ឬមិនត្រាប់យ៉ាងណានោះទេ។ ខ្ញុំធ្លាប់តែនិយាយខ្លីថា ឃើញខ្មែរសម័យអង្គរប្រើពាក្យនេះដំបូងនៅលើសិលាចារឹកK.291 លើមេទ្វារប្រាសាទភិមានអាកាសឆ្នាំ៨៣២ឝក ឬ ៩១០គ.ស. ជាពាក្យ «សំក្រា(ន្ត)» និងសិលាចារឹកជិត១០០ផ្ទាំងផ្សេង ទៀត។ ប៉ុន្តែពាក្យនេះ ខ្ញុំសង្ស័យមានប្រើតាំងពីសម័យមុនអង្គរ។ ត្រង់ថា ខ្មែរសព្វថ្ងៃ ថាតាម ថៃ វាជារឿងគួរឲ្យអស់សំណើច។ ព្រោះ យើងប្រើពាក្យ«មហាសង្ក្រាន្ត»ជាប់យូរយារមកដែរហើយ។ រឿងច្របូកច្របល់ដណ្ដើមគ្នាធ្វើម្ចាស់វប្បធម៌មួយរវាងថៃនិងខ្មែរសព្វថ្ងៃ ដោយសារតែបញ្ហាទ្រឹស្តី«រដ្ឋប្រជាជាតិ» Nation-state ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី១៩ ដូចដែលខ្ញុំតែងតែនិយាយផ្សព្វផ្សាយឥតដាច់ ក្នុងពេល២០ឆ្នាំចុងក្រោយនេះ។
https://fb.watch/rnLvB0ZD8f/?mibextid=v7YzmG