17/11/2024
រដ្ឋមន្ត្រីក្រសួងការពារថៃ ព្រមានថា សង្គ្រាមអាចនឹងកើតឡើង ប្រសិនបើការចរចារឿងតំបន់ «ត្រួតស៊ីគ្នា» មិនស្របតាម MOU ឆ្នាំ២០០១
---
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានលើកឡើងថា ការចរចាជុំវិញបញ្ហាតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា ត្រូវធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១ បើមិនដូច្នេះទេ នឹងកើតមានសង្គ្រាម។ អ្នកឃ្លាំមើល ជំរុញឱ្យភាគីប្រទេសទាំងពីរនេះ ដោះស្រាយជម្លោះនេះ នៅស្ថាប័នតុលាការអន្តរជាតិ ដើម្បីរក្សាទំនាក់ទំនងការទូត ជាជាងការប្រើប្រាស់កម្លាំងយោធា។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) អះអាងថា ប្រទេសថៃមានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជានៅប្រាសាទព្រះវិហារម្ដងរួចមកហើយ ដូច្នេះ ថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុតទៅឱ្យកម្ពុជាម្ដងទៀតនោះទេ។
លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយលើកឡើងថា ភាគីកម្ពុជា និងថៃ ត្រូវតែអនុលោមទៅតាមអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ (MOU44) ស្ដីអំពីការអភិវឌ្ឍរួមគ្នា សម្រាប់វិស័យធនធានថាមពល (OCA) ដើម្បីឈានដល់កិច្ចព្រមព្រៀងដោយសន្តិវិធី បើមិនដូច្នេះទេ នឹងមានសង្គ្រាមប្រើអាវុធប្រឆាំងគ្នាទៅវិញទៅមក ដែលកើតឡើងពីឆន្ទៈការពារបូរណភាពទឹកដីរបស់យោធា មន្ត្រីរាជការ និងប្រជាពលរដ្ឋថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបញ្ជាក់ថា ភាគីថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងករណី ដែលកម្ពុជាយកសំណុំរឿងតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» នេះ ប្ដឹងទៅស្ថាប័នតុលាការអន្តរជាតិ ដោយរដ្ឋាភិបាលថៃបានតាំងមូលដ្ឋានយោធា និងរដ្ឋបាលនៅលើកោះគុតនេះ ដូចទៅនឹងករណីជម្លោះនៅប្រាសាទព្រះវិហារ កាលពីឆ្នាំ២០១៣ ដែលកម្ពុជាបានលើកយកហេតុផលការតាំងមូលដ្ឋានទ័ពនៅលើប្រាសាទដូចគ្នានេះ មកធ្វើជាភស្តុតាង បង្ហាញទៅកាន់តុលាការអន្តរជាតិទីក្រុងឡាអេ (The Hague) ដែលសម្រេចឱ្យកម្ពុជាឈ្នះក្ដី ហើយប្រាសាទព្រះវិហារស្ថិតនៅជាសម្បត្តិរបស់ខ្មែររហូតមកទល់សព្វថ្ងៃ។
លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានអះអាងដូចនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ថា ការចរចាលើអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ (MOU 44) ជាមួយកម្ពុជា នឹងមិនរួមបញ្ចូលកោះគុតនោះឡើយ។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំនៅមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ គឺផ្អែកទៅលើគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក អ៊ុំ សំអាន ថា ប្រសិនបើគណៈកម្មការ នៃភាគីប្រទេសទាំងពីរ ចរចាបែងចែកតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» មិនដាច់ស្រេចនោះទេ រដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នតុលាការអន្តរជាតិ ដើម្បីរក្សាទំនាក់ទំនងការទូត ជាជាងការប្រើកម្លាំងយោធា។
លោក អ៊ុំ សំអាន៖ «អ្វីដែលយើងលើកឡើងនេះ មិនមែនថា យើងចង់ទៅធ្វើសង្គ្រាមជាមួយថៃនោះទេ គឺយើងចង់ទាមទារតាមផ្លូវច្បាប់។ ដូច្នេះ ប្រសិនបើយើងអះអាងថា កោះគុត ជារបស់យើង ថៃអះអាងថា កោះគុតជារបស់ថៃ យើងឡើងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិទៅ ពេលនោះគេកាត់ក្ដីយ៉ាងម៉េច យើងទទួលយកសាលដីការបស់តុលាការអន្តរជាតិ»។
ទោះជាបែបនេះក្ដី លោក អ៊ុំ សំអាន អះអាងថា យោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុត នៃកោះគុតជាគោល ដែលធ្វើឱ្យកម្ពុជាត្រូវទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះ ហើយប្រសិនបើថៃនៅតែគ្រប់គ្រងកោះគុតផ្ដាច់មុខនោះ ប្រៀបដូចជាថៃបំពានយកដែនសមុទ្រខ្មែរដែរ ព្រោះកោះគុតនេះហើយ ដែលដើរតួសំខាន់ ក្នុងការកំណត់តំបន់ត្រួតស៊ីគ្នា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែវិច្ឆិកា។
ក្នុងជំនួបនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំនៅប្រទេសចិន កាលពីថ្ងៃទី៨ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជានឹងជួយដល់ថៃ ប្រសិនបើត្រូវការសហការពីកម្ពុជាក្នុងកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MOU) និងថា កម្ពុជាមិនមានបញ្ហានឹងរឿងកោះគុតនោះទេ ហើយអ្វីដែលកម្ពុជាបារម្ភនោះគឺ ទាក់ទងនឹងពេលវេលា ដែលគណៈកម្មាធិការបច្ចេកទេស (JTC) រួមគ្នា នឹងត្រូវបង្កើតឡើង ដើម្បីចាប់ផ្ដើមការចរចា។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) បានអះអាងថា រដ្ឋាភិបាលរបស់អ្នកស្រី ចាប់ផ្ដើមចរចាជាមួយកម្ពុជា លើបញ្ហាតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» នៅពាក់កណ្ដាលខែវិច្ឆិកានេះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា វិវាទដែនសមុទ្ររវាងកម្ពុជា-ថៃ មិនអាចបញ្ឆេះឱ្យមានភ្លើងសង្គ្រាមបាននោះទេ ជាពិសេស ក្នុងកំឡុងដែលគ្រួសារត្រកូល ស៊ីណាវ៉ាត់ ស្ថិតក្នុងអំណាច។ លោក ម៉ែន ណាត បន្តថា កម្ពុជាគួរតែលើកយករឿងកោះគុត មកដាក់ក្នុងកិច្ចពិភាក្សានៅក្នុងកិច្ចចរចា MOU ជាមួយថៃ និងទាមទារចំណែក ២ ភាគ ៣ នៃកោះនេះ យកមកគ្រប់គ្រងវិញ។
លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ដោយសារលោភលន់រឿងអំណាច អត់ចរចាកំណត់ព្រំដែនមុនទេ។ តាមធម្មតាការរុករករ៉ែនៅតំបន់បាតសមុទ្រ គឺត្រូវកំណត់ព្រំដែនឱ្យបានជ្រះស្រឡះសិន ចាំរុករករ៉ែតាមក្រោយទៅ គឺមិនទាស់អ្វីនោះទេ។ ប្រសិនបើយើងគិតលើចំណុចហ្នឹង គឺជាកំហុសរបស់លោក ហ៊ុន សែន បង្កើតឱ្យមាន MOU បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណជន ដល់អ្នកស្រាវជ្រាវ ធ្វើឱ្យថៃហ្នឹង មានលេសកាន់កាប់កោះគុត»។
ថៃបានចូលកាន់កាប់កោះគុត និងផ្នែកដែនសមុទ្រខ្មែរនៅតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» (OCA) គឺបន្ទាប់ពីរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ជាមួយប្រទេសវៀតណាម។ លោក អ៊ុំ សំអាន ចោទថា ការណ៍ ដែលរដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងលោក ហ៊ុន សែន ចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ជាមួយវៀតណាម និងការធ្វើឱ្យរាល់សន្ធិសញ្ញាខុសច្បាប់នានា កាលពីសម័យនោះ រស់ឡើងវិញ តាមរយៈការធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ធ្វើឱ្យកម្ពុជាត្រូវបាត់បង់អធិបតេយ្យលើកោះគុត និងដែនសមុទ្រខ្មែរប្រមាណ ៣ម៉ឺនគីឡូម៉ែត្រការ៉េ (៣០.០០០)។
កោះគុតបច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលថៃអភិវឌ្ឍ ដោយបង្កើតទៅជាតំបន់ទេសចរណ៍ ដោយមានភ្ញៀវទៅកម្សាន្តប្រហែល ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយកោះនេះ ក៏ជាកន្លែងទាហានជើងទឹករបស់ថៃ យកធ្វើជាកន្លែងសមយុទ្ធផងដែរ៕
អានអត្ថបទរឿងនេះលើគេហទំព័រ៖ https://www.rfa.org/khmer/news/politics/thai-defense-minister-warns-of-war-if-overlapping-area-discussions-with-cambodia-do-not-comply-with-2001-mou-11162024115910.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #ព្រំដែន #កោះគុត