19/01/2022
#ការសែនព្រេនមេបាកុំឱ្យកាច់ពេលស្រុកទេសមានទុរ្ភិក្ស ឬចម្បាំងរាំងជល ឬប្រការឯណាដែលមិនអាចរៀបអាពាហ៍ពិពាហ៍ពេញខ្នាតបាន
ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ កូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធនៅពេលផ្ទឹម គឺកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។
កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។
បើស្រុកទេសមានទុរ្ភិក្ស ឬចម្បាំងរាំងជល ឬប្រការឯណាដែលមិនអាចរៀបអាពាហ៍ពិពាហ៍ពេញខ្នាតបាន លោកឲ្យចងផ្កាស្លាបី លើកសំពះគុណមេបា មានបាយសម្ល និងបង្អែមពីរស្ពក ផ្លែឈើមួយគូ ម្លូស្លា សែនជម្រាបមេបាទាំងសង្ខាងឲ្យលោកទទួលស្គាល់ នោះកូនប្រុស កូនស្រីបានឈ្មោះថាសម្រេចជាប្តីប្រពន្ធតាមទម្រង់ការព្រះជ័យចេស្ដាស្រេចបាច់តាមប្រពៃណីខ្មែរ។
ពពិល
គ្រឿងមង្គលសម្រាប់អាពាហ៍ពិពាហ៍ខ្មែរ ស្រាពក៍ទឹកសំបួរអប់ដោយសំបួរមាសសម្រាប់ប្រោះព្រំ និងបិតទៀនពេលា, ផ្តិលអង្ករជ័យ ពពិល ម្លូលត់ពពិល, ហិបរងស្លៀកសូត្រមួយគូ, ស្លាពាន់, តៀបបាយព្រះលឹង, សំពត់អាវឆ្វេងស្ដាំ, ផ្លាស្លាបី, ត្រួយបី (ត្រួយគឺម្លូដែលមូរនឹងផ្កាស្លាមួយទងដាក់លើខ្នើយសម្រាប់កូនកម្លោះហូតដៃ)។
បើទោះបីវាជាជាប្រពៃណី និងអប្បិយជំនឿរបស់ខ្មែរតាំងពីបុរាណកាលមកពិតមែន តែវាជាពិធីដើម្បីឱ្យកូនចៅប្រុសស្រីមានសិរីសួស្ដី។ ដូច្នេះ ជឿ ឬមិនជឿ គប្បីកុំប្រមាថ ព្រោះនេះជាជំនឿរបស់ប្រជាជនខ្មែរមានអាយុកាលជាយូរលង់ណាស់មកហើយ៕
ដកស្រង់ពី៖ "កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ" របស់ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ /ពពិល-Popil Event Stylist
កែសម្រួលដោយ៖ ក្នុងស្រុក