15/11/2025
💡វិភាគសុភាសិត «ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង ទឹកស្រះផងយើង ទឹកស្ទឹងផងញាតិ ទឹកខ្មៅស្ទួយមិត្ដ ទឹកចិត្ដស្ទួយជាតិ ទឹកធម៌វរនាថ ជួយជីវិតសុខ។»
ជាធម្មតាទេ មិនថាសក់ឬក្បាល ទោះបីខ្លួនប្រាណទាំងមូលក៏ត្រូវការលាងឬងូតដោយទឹកថ្លាឬទឹកស្អាតដែរ ប៉ុន្តែសក់ឬក្បាលនេះជាតួសំខាន់ជាងកន្លែងណាទាំងអស់ ថ្លៃថោក អាក្រក់ល្អ សខ្មៅ វាផ្ដើមចេញពីក្បាលមុននេះហើយ វាជាតួនៃបញ្ញា វាជាតួនៃគំនិត ជាពិសេសខ្មែរយើងមានទាំងត្រណមទៀតផង ដូច្នេះពុំអាចយកទឹកល្អក់មកលាងឬងូតនោះទេ។ ចំណែកជើង តួនៃជើងនេះ អាចជាន់គ្រប់របស់កខ្វក់ទាំងឡាយ ដូច្នេះប្រសិនបើគ្មានទឹកថ្លាសម្រាប់លាង ទឹកល្អក់ល្មមៗក៏អាចលាងបានដែរ ព្រោះវាមិនសូវសំខាន់ជាងក្បាល។
ចំពោះន័យធៀបឃ្លាថា «ទឹកថ្លាលាងសក់»
ទឹកថ្លា ប្រៀបធៀបទៅនឹងអ្វីដែលល្អៗ មានដូចជា មនុស្សល្អ ចំណេះដឹងល្អ និងមតិយោបល់ល្អ។ ដូច្នេះបើជួបចាស់ព្រឹទ្ធាចារ្យ ឬមនុស្សល្អ យើងត្រូវចេះឱនក្បាលគោរព បែបនេះស្មើលាងជម្រះភាពឆ្មើងឆ្មៃ។ បើជួបនូវចំណេះដឹងល្អ យើងត្រូវសិក្សាឈ្វេងយល់ ឬត្រូវចងចាំផ្ទុកក្នុងគតិគំនិត បែបនេះស្មើលាងជម្រះភាពល្ងង់ខ្លៅ។ បើជួបមតិយោបល់ល្អ យើងត្រូវចេះយកមកពិចារណា ទុកជាជំនួយវិភាគបន្ថែម បែបនេះស្មើនឹងលាងជម្រះមន្ទិលសៅហ្មង បែបនេះហើយទើបហៅថា «ទឹកថ្លាលាងសក់»។
ចំពោះន័យធៀបឃ្លាថា «ទឹកល្អក់លាងជើង»
ទឹកល្អក់ ប្រៀបធៀបមកអ្វីគ្រប់យ៉ាងដែលមិនល្អចំពោះយើង ភាពមិនល្អទាំងអស់នោះដ្បិតវាផ្ដល់ការឈឺចាប់ឱ្យយើង ដ្បិតវាធ្វើឱ្យយើងមួម៉ៅ វាធ្វើឱ្យយើងមិនសប្បាយចិត្ត តែវាមិនអត់ប្រយោជន៍ទេ ប្រសិនបើយើងចេះច្នៃវា យ៉ាងហោចណាស់អាចយកវាមកលាងជើងយើងទៅ។ បានន័យថា ក្នុងដំណើរជីវិតរបស់យើងគ្រប់គ្នាមិនមែនចួបតែរឿងល្អនោះទេ តែចំពោះរឿងមិនល្អប្រៀបដូចជាទឹកល្អក់អ៊ីចឹង បើមិនអាចគេចពីវាទេ ចូរយើងយកវាមកប្រើទៅ វាជាបទពិសោធដើម្បីដើរឆ្លងទៅចាប់យកអ្វីផ្សេងៗគ្រប់យ៉ាងដែលល្អជាងវា និងល្អសម្រាប់យើងទៅថ្ងៃខាងមុខផងដែរ បែបនេះទើបហៅថា «ទឹកល្អក់លាងជើង»។
អត្ថបទវិភាគ៖ សុភាសិត កាព្យខ្មែរ / ណាវ៉ាត់- satra kh
#បកស្រាយសុភាសិតបុរាណខ្មែរ #សុភាសិតកាព្យខ្មែរ #ណាវ៉ាត់satrakh #ការអប់រំ #ចំណេះវិជ្ជា