25/06/2021
#តម្លៃមនុស្សមិនឋិតលើការស្លៀកពាក់និងទ្រព្យសម្បត្ដិទេ
ភាពថ្លៃថ្នូររបស់មនុស្ស មិនប្រាកដថាសុទ្ធតែកើតចេញពីមាស ពេជ្រ ប្រាក់កាក់ របស់ប្រើប្រាស់ប្រេនៗ ឬការស្លៀកពាក់ហ៊ឺហាដើម្បីសម្ញែញគេនោះទេ។ ប៉ុន្តែមានមនុស្សជាច្រើនបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើរបស់ទាំងនេះ នោះដោយសារពួកគាត់ជាមនុស្សមើលឃើញទ្រព្យសម្បត្ដិជាធំ ឱ្យតម្លៃទៅលើសម្ភារនិយម ដោយភ្លេចគិតថា មនុស្សកើតមកគឺទទេស្អាត ហើយស្លាប់ទៅវិញក៏ទទេស្អាតដូចគ្នា ពុំអាចយកអ្វីទៅជាប់ជាមួយខ្លួនបានឡើយ។ អ្នកខ្លះ ហេតុតែគិតគូរដល់កូនចៅជំនាន់ក្រោយពេកទៅ ពួកគាត់ក៏ខិតខំប្រឹងប្រែងស្វះស្វែងរកប្រាក់ឱ្យបានច្រើនទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយរបស់ពួកគាត់ ដោយមិនខ្យល់ថាលុយដែលពួកគាត់រកមកនោះបានតាមវិធីល្អឬអាក្រក់។ គំនិតបែបនេះ គឺផ្ទុយស្រឡះពីគំនិតខ្ញុំ។ ចំពោះខ្ញុំ ទោះបីខ្ញុំអាចមានលទ្ធភាពរកប្រាក់បានច្រើនដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយរបស់ខ្ញុំក៏ដោយចុះ ក៏ខ្ញុំមិនឱ្យតម្លៃទៅទ្រព្យសម្បត្ដិពេកដែរ។ អ្វីដែលខ្ញុំឱ្យតម្លៃបំផុតនោះ គឺការសិក្សារៀនសូត្រ។ ហេតុអ្វី? ពីព្រោះការសិក្សារៀនសូត្រ គឺជាទ្រព្យដែលមិនចេះរីងស្ងួតសម្រាប់កូនចៅរបស់ខ្ញុំ ដែលពួកគាត់អាចធ្វើវាបានដោយខ្លួនឯង។ ខ្ញុំគិតថា ទោះខ្ញុំមានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ បើខ្ញុំគ្មានចំណេះដឹងក្នុងខ្លួនដើម្បីប្រើប្រាស់ទ្រព្យទាំងនោះទេ វាអាចនឹងបាត់បង់អស់ទៅវិញ។ ជួនកាលកូនចៅខ្ញុំអាចចាយវាយទ្រព្យសម្បត្ដិទៅលើការប្រព្រឹត្ដអំពើអាក្រក់ណាមួយដែលសង្គមស្អប់ខ្ពើមក៏អាចថាបាន ព្រោះតែកត្ដាចំណេះដឹងនេះឯង។
ខ្ញុំអាចនិយាយបានថា មានតែចំណេះដឹងទេដែលបង្ហាញពីភាពថ្លៃថ្នូររបស់មនុស្ស។ កាលណាមនុស្សមានចំណេះដឹង ពាក្យសម្ដីដែលនិយាយចេញមកពោរពេញដោយភាពពីរោះពិសា មានន័យស្ដាប់បាន មានមុខ មានក្រោយ មិនទ្រគោះបោះបោក មានសីលធម៌សមរម្យ នឹងធ្វើឱ្យអ្នកស្ដាប់លង់ទៅតាមអ្វីដែលគេបាននិយាយ ហើយអ្នកស្ដាប់នឹងឱ្យតម្លៃគាត់ថា គាត់ជាមនុស្សមានឥរិយាបថថ្លៃថ្នូរនិងគួរឱ្យគោរព។
មែនទែនទៅ ខ្ញុំពុំដែលឱ្យតម្លៃទៅលើការស្លៀកពាក់ខោអាវប្រេនៗ ឬការលម្អខ្លួនដោយគ្រឿងអលង្ការនោះទេ ហើយខ្ញុំក៏មិនដែលពាក់ខោអាវប្រេនៗដែរ ម្ល៉ោះហើយទើបខ្ញុំពុំចូលចិត្ដដើរផ្សារ។ កាលខ្ញុំនៅក្មេង ខ្ញុំយកខោអាវបងៗរបស់ខ្ញុំដែលគាត់ស្លៀកពាក់លែងត្រូវ មកស្លៀកពាក់បន្ត។ ពេលខ្ញុំចូលរៀន បងៗខ្ញុំគឺជាអ្នកទិញសម្លៀកបំពាក់ឱ្យនៅហាងហ្គែត លុះពេលខ្ញុំមានគ្រួសារ គឺប្រពន្ធខ្ញុំជាអ្នកទិញសម្លៀកបំពាក់ឱ្យខ្ញុំ ហើយពេលខ្លះ ខ្ញុំទៅកាត់ខោអាវនៅហាងធម្មតាៗ សាមញ្ញៗ គ្មានប្រេនល្បីអីនោះទេ។ ជីវិតខ្ញុំគឺមានតែប៉ុណ្ណឹង! គឺសាមញ្ញបំផុត! ប៉ុន្ដែអ្វីដែលសំខាន់ គឺការស្លៀកពាក់របស់ខ្ញុំ ធ្វើស្របតាមកាលៈទេសៈ ក៏ប៉ុន្តែយើងគ្រប់គ្នាមិនគួរដាក់កម្រិតខ្លួនឯងខ្លាំងពេកទេ ចំពោះរឿងស្លៀកពាក់នេះ។
ចំណែកនៅក្នុងស្ថាប័នខ្ញុំ ដូចបានដឹងស្រាប់ហើយថា នៅពេលដែលចូលមកធ្វើការដំបូងៗ ខ្ញុំតែងប្រាប់ទៅបុគ្គលិកខ្ញុំថា ត្រូវកាត់សក់ កាត់ក្រចក កាត់រោមច្រមុះ និងស្លៀកពាក់ឱ្យបានសមរម្យ មុននឹងចូលបម្រើការងារ។ ដោយឡែក សម្លៀកបំពាក់ គឺសាច់ក្រណាត់លាតធម្មតា ឯពណ៌មិនឆើតឆាយពេក ហើយត្រូវសន្លុះ(តឺនុយ) និងពាក់ក្រវាត់កជាប្រចាំថ្ងៃ ហើយខ្ញុំក៏ធ្វើជាគំរូបែបនោះដែរ។ ដោយឡែក សម្រាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំ ការស្លៀកពាក់របស់ខ្ញុំគឺសាមញ្ញបំផុត។ ខ្ញុំតែងស្លៀកខោខ្លី អាវយឺត ព្រោះក្នុងមួយសប្ដាហ៍ ខ្ញុំស្លៀកពាក់ខោអាវធ្វើការ៦ថ្ងៃហើយ បើសិនជាថ្ងៃឈប់សម្រាក ខ្ញុំនៅតែស្លៀកពាក់ដូចគ្នាទៀត នោះខ្ញុំគិតថា ខ្ញុំពិតជាថុញថប់ស្លាប់ហើយក្នុងជីវិតនេះ។
ដូច្នេះ ខ្ញុំយល់ថា តម្លៃមនុស្សយើង សំខាន់បំផុតគឺចំណេះដឹង សីលធម៌ និងឥរិយាបថថ្លៃថ្នូរនេះឯង៕