24/10/2020
រឿងមួយតំណាលថា មានស្តេចមួយអង្គមានឆ្កែព្រៃ ១០ក្បាល។ ទ្រង់បានប្រើពួកឆ្កែទាំងនោះដើម្បីធ្វើទារុណកម្ម និងស៊ីអ្នកបម្រើរបស់ទ្រង់ដែលបានធ្វើខុស។ ថ្ងៃមួយអ្នកបម្រើម្នាក់បានផ្តល់យោបល់ទ្រង់ខុស ដែលធ្វើឲ្យទ្រង់ខ្ញាល់ ហើយទ្រង់ក៏បញ្ជាឲ្យទាហានចាប់យកអ្នកបម្រើនោះទៅបោះឲ្យឆ្កែស៊ី។
អ្នកបម្រើនោះបានពោលទៅកាន់ស្តេចថា “ទូលបង្គំបម្រើព្រះអង្គ ១០ឆ្នាំ ហេតុអ្វីធ្វើបែបនេះដាក់ទូលបង្គំ? សូមព្រះអង្គមេត្តាទុកពេលឲ្យទូលបង្គំ ១០ថ្ងៃសិន មុននឹងបោះទូលបង្គំទៅឲ្យឆ្កែស៊ី។” ស្តេចក៏យល់ព្រមតាមសំណើររបស់អ្នកបម្រើនោះ។ ក្នុងរយៈពេលដប់ថ្ងៃនោះ អ្នកបម្រើបានទៅរកអ្នកយាមដែលមើលថែរក្សាសត្វឆ្កែព្រៃរបស់ស្តេច ហើយបានសុំអនុញ្ញាតិពីអ្នកយាមនោះឲ្យគាត់បានមើលថែឆ្កែទាំងនោះរយៈពេល ១០ថ្ងៃ។
អ្នកយាមបានភ្ញាក់ផ្អើល ប៉ុន្តែបានយល់ព្រម ហើយអ្នកបម្រើបានចាប់ផ្តើមផ្តល់ចំណីដល់សត្វឆ្កែទាំងនោះ លាងសម្អាត ងូតទឹកឱ្យពួកវា និងមើលថែពួកវាបានយ៉ាងល្អ។
លុះ ១០ថ្ងៃកន្លងផុតទៅ ស្តេចក៏បានបញ្ជាឲ្យសេនាទៅចាប់អ្នកបម្រើនោះយកបោះឲ្យឆ្កែព្រៃទាំងនោះស៊ី តែឆ្កែព្រៃទាំងនោះមិនស៊ីអ្នកបម្រើនោះទេ តែពួកវាបែរជានាំគ្នាលិឍជើងរបស់គាត់ទៅវិញ។ ស្តេចបានងឿងឆ្ងល់ចំពោះអ្វីដែលទ្រង់បានឃើញហើយបានមានបន្ទូលថា៖
“តើមានអ្វីកើតឡើងចំពោះឆ្កែរបស់ខ្ញុំ?” អ្នកបម្រើឆ្លើយតបថា៖ “ទូលបង្គំបានបម្រើសត្វឆ្កែទាំងនេះតែ ១០ថ្ងៃប៉ុណ្ណោះហើយពួកវាមិនបានភ្លេចការបម្រើរបស់ទូលបង្គំទេ តែទូលបង្គំបានបម្រើព្រះអង្គអស់រយៈពេល ១០ឆ្នាំមកហើយ ហើយមានកំហុសតែម្តងគត់ ព្រះអង្គក៏ភ្លេចទាំងអស់នូវគុណសម្បត្តិរបស់ទូលបង្គំ!” ។
ស្ដេចបានដឹងអំពីកំហុសរបស់ខ្លួន ហើយបានលើកលែងទោសដល់អ្នកបម្រើនោះ។ នេះគឺជាសារមួយសម្រាប់រំលឹកដល់មនុស្សគ្រប់គ្នាកុំឲ្យភ្លេចទង្វើល្អទាំងឡាយដែលគេតែងតែផ្តល់ឲ្យយើង ដោយគ្រាន់តែគេមានកំហុសម្តងម្កាល ឬអចេតនា។ កុំបំភ្លេចចោលនូវប្រវត្តិដែលពោរពេញទៅដោយទង្វើល្អៗដោយសារតែកំហុសដែលអ្នកមិនចូលចិត្ត៕
Rithy Seng