29/09/2021
• ក្បា ច់ ខ្មែ រ •🇰🇭
#ចំណេះដឹងមួយចំនួនអំពីក្បាច់ខ្មែរក្នុងសិល្បៈ_ស្ថាបត្យកម្ម
• #បញ្ជាក់ អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #ក្បាច់ខ្មែររបស់វិទ្យាស្ថានរៃយំ។ ដើម្បីកាន់តែច្បាស់ បងប្អូនអាចស្វែងរកមើលនៅក្នុងសៀវភៅក្បាច់ខ្មែរ ដែលបោះពុម្ពផ្សាយលើកទី១ ឆ្នាំ២០០៥, ភ្នំពេញ ដោយវិទ្យាស្ថានរៃយំ។ #សូមអភ័យទោសទុកជាមុនរាល់ការខ្វះខាត #និងកំហុសដោយអចេតនាក្នុងប្រការណាមួយ។ សូមអរគុណ
• បើយើងពិចារណាទៅលើពាក្យ #ក្បាច់ ឃើញថា អាចមកពីពាក្យ #កាច់ ដូចជាកាច់បាយសី គឺគេកាច់ជាក្បាច់លំអលើបាយសី។ ឯរបាំ គឺគេរាំចេញជាក្បាច់ល្វត់ល្វន់ល្អមើល ទៅតាមការហាត់រៀនកាច់ដៃកាច់ជើង ពត់ខ្លួនឲ្យទន់ភ្លន់ ទៅតាមក្បាច់ដែលគេចង់បាន។ ចំពោះផ្នែកសិល្បៈសូន្យរូបវិញ ក្បាច់គេសំដៅលើគ្រឿងលំអវិចិត្រផ្សេងៗ ដែលមានរាងពត់ពេនកាច់ចុះកាច់ឡើង ដោយដក់ស្រង់រូបរាងពីធម្មជាតិផ្សេងៗ យកមកច្នៃប្រឌិតទៅតាមទេពកោសល្យរបស់សិល្បករ ដើម្បីតុបតែងលើសំណង់, គ្រឿងសង្ហារឹម, គ្រឿងអសង្ការ និងឧបករណ៍ប្រើប្រាស់ឲ្យរឹតតែមានសោភ័ណភាព។
• កន្លងមកគេចែកក្បាច់ខ្មែរជា៤ប្រភេទធំៗ គឺ #ក្បាច់អង្គរ_ក្បាច់ភ្ញីទេស_ក្បាច់ភ្ញីវល្លិ_និងក្បាច់ភ្ញីភ្លើង។ ក្រៅពីនោះមានក្បាច់រាយរងជាច្រើនទៀតដែលគេយកមកប្រើលាយជាមួយនឹងក្បាច់ធំៗនេះដែរ ដូចជាក្បាច់ធ្មេញត្រី ធ្មេញក្របី កេសរ កញ្ចាំង មុនីពន់។ល។
• #ទម្រង់ក្បាច់មូលដ្ឋាន
បើសង្កេតមើលទៅលើទម្រង់ និងឈ្មោះដែលគេដាក់ឲ្យក្បាច់ខ្មែរនីមួយៗឃើញថា ច្រើនតែមានទំនាក់ទំនងទៅហ្នឹងធម្មជាតិដូចជាសត្វ រុក្ខជាតិដែលមានដើម ស្លឹក ផ្លែ ផ្កា ជាដើម។ គេដកស្រង់រូបរាងអ្វីៗពីធម្មជាតិទាំងនោះមកច្នៃ រចនា ហើយយកធ្វើជាក្បាច់ និងប្រើប្រាស់តាមវត្ថុ ឬទីកន្លែងផ្សេងៗ។ ទម្រង់មូលដ្ឋានមួយចំនួនមានឈ្មោះ និងរូបរាងដើមដូចទៅនឹងធម្មជាតិខ្លះ។ ជួនកាលក្បាច់ខ្លះគូររួចហើយមានទម្រង់ ដូចទៅហ្នឹងអ្វីមួយក្នុងធម្មជាតិ គេក៏ដាក់ឈ្មោះតាមធម្មជាតិនោះទៅ។ រូបរាងក្បាច់ខ្លះមានលក្ខណៈជា ’’ក្បាច់’’ តែម្តង ដោយពុំមានកែច្នៃច្រើនទៀតទេ។ តែខ្លះទៀតមានការកែច្នៃដោយបំបែកទៅតាមវិធីផ្សេងៗ។ រូបរាងដើមគឺជាទម្រង់ខាងក្រៅ ឯផ្ទៃខាងក្នុងគឺគេអាចកែច្នៃឲ្យក្លាយជាក្បាច់អ្វីមួយទៅតាមវិធី ’’ចែក’’ និង ’’ឆែក’’ ។
• #ក្បាច់អង្គរ
បើតាមការសង្កេត និងសាកសួរលោកគ្រូចាស់ៗឃើញថា ក្បាច់អង្គរគេប្រើក្នុងទម្រង់សំខាន់ៗ៣ ដែលគេដកស្រង់ពីធម្មជាតិ គឺត្របកឈូកចំពីមុខ, ត្របកឈូកចំហៀង, (ដែលអាចក្លាយជារាងកន្ទុយហង្ស) និងវង់ហៀន (ដែលគេអាចបំបែកជាក្រពុំ ឬចង្វាយ)។ មិនតែប៉ុណ្ណោះ សិល្បករយលរូបសត្វ ឬរូបទេពផ្សេងៗ មកប្រើជាជំនួយដែរ ដែលធ្វើអោយរូបរាងក្បាច់នេះរឹតតែសម្បូណ៌ថែមទៀត។
#ការប្រើប្រាស់ក្បាច់អង្គរ
សព្វថ្ងៃច្រើនយល់ថា ក្បាច់អង្គរសម្រាប់លំអលើសំណង់ធុនធ្ងន់ដែលសាងឡើងពីថ្ម ស៊ីម៉ង់ត៍ ឬឈើ ដូចជាប្រាសាទបុរាណ, វាំង, វត្ត, មន្ទីររាជការធំៗ។ ប៉ុន្តែបើគិតពីការតែងនិងកែច្នៃវិញ ក្បាច់នេះក៏អាចយកទៅប្រើនៅលើអ្វីក៏បាន តាមតែប្រាថ្នារបស់សិល្បករ និងអ្នកចូលចិត្ត មិនថាជាឧបករណ៍ប្រើប្រាស់អ្វីមួយតូចឬធំឡើយ។
• #ក្បាច់ភ្ញីទេស
គេយល់ថាក្បាច់ភ្ញីទេសដកស្រង់ចេញពីចេកទេស រួមផ្សំជាមួយរុក្ខជាតិដ៏ទៃទៀត។ ក្បាច់ភ្ញីទេសចែកចេញជាសន្លឹក, ដើម, ផ្កា, ក្តឹប, ក្រពុំ, ត្រួយ បន្តជាចង្វាយដោយប្រើទម្រង់វង់ហៀន និងប្រើសន្លឹកឱបដើម មើលទៅហាក់ដូចជារុក្ខជាតិកំពុងតែដុះចេញមានដើម, ស្លឹក, ផ្កា, ផ្លែ។ មិនតែប៉ុណ្ណោះក៏មានយករូបផ្សេងៗមួយចំនួនមកប្រើជំនួស ដូចជាសត្វមករ, ក្បាលខាប, រាហូជាដើម។
#ការប្រើប្រាស់ក្បាច់ភ្ញីទេស
គេប្រើក្បាច់ភ្ញីទេសទៅលើគ្រឿងតុបតែងសំណង់, សង្ហារឹម និងប្រដាប់ប្រើប្រាស់ ព្រមទាំងប្រើប្រាស់លើការតុបតែងឧបករណ៍ភ្លេង និងសម្លៀកបំពាក់សម្រាប់អ្នករបាំជាដើម។
• #ក្បាច់ភ្ញីវល្លិ
រូបរាងក្បាច់ភ្ញីវល្លិ គឺដូចទៅនឹងរុក្ខជាតិវារច្រើនប្រភេទដែលមាននៅជុំវិញខ្លួន ហើយគេកែច្នៃបន្ថែមបន្ថយអោយកើតជាក្បាច់នេះឡើង។ ក្បាច់ភ្ញីវល្លិផ្តល់លិទ្ធភាពជាច្រើនឲ្យសិល្បករអាចច្នៃរចនាដោយយកសន្លឹក, ដើម, ផ្កា,ក្រពុំ។ល។ ពីធម្មជាតិពិតៗមករួមផ្សំ។ ក្បាច់ភ្ញីវល្លិនិងក្បាច់ភ្ញីទេសមានភាពប្រហាក់ប្រហែលគ្នា តែអាចសម្គាល់បានដោយក្បាច់ភ្ញីវល្លិមានលក្ខណះជាខ្សែ ហើយក្បាច់ភ្ញីទេសច្រើនប្រើសន្លឹកឱបដើម។
#ការប្រើប្រាស់ក្បាច់ភ្ញីវល្លិ
ការប្រើប្រាស់ក្បាច់ភ្ញីវល្លិមិនសូវមានសល់ឯកសារច្រើនសម្រាប់បង្ហាញដូចក្បាច់ផ្សេងៗឡើយ ហើយមិនសូវមានការឯកភាពគ្នាផង។ តែបើតាមប្រសាសន៍លោកគ្រូចាស់ៗថា ភាគច្រើនគេប្រើនៅលើផ្នែកដេរប៉ាក់, ចាក់ចេក, ចម្លាក់ស្បែក, នៅលើផ្ទៃជញ្ជាំង និងមាននៅក្នុងផ្នែកខ្មុកខ្លះៗដែរ។
• #ក្បាច់ភ្ញីភ្លើង
ក្បាច់ភ្ញីភ្លើងទំនងជាដកស្រង់ចេញពីអណ្តាតភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅយកមកច្នៃទៅជាសន្លឹក។ លក្ខណៈពិសេសនៃក្បាច់នេះគឺ តូចគល់ ធំកណ្តាល និងស្តួចចុងរាងរលាស់។
#ការប្រើប្រាស់ក្បាច់ភ្ញីភ្លើង
ក្បាច់ភ្ញីភ្លើងមិនមែនប្រើប្រាស់សម្រាប់លំអនៅកន្លែងណាមួយ ឬនៅលើវត្ថុអ្វីបានទាំងអស់នោះទេ ភាគច្រើនគេយកក្បាច់ភ្ញីភ្លើងទៅលំអលើសំណង់ក្នុងពិធីផ្សេងៗដូចជា បុណ្យសព, បុណ្យសំពះគ្រូ, បុណ្យអភិសេកព្រះ។ល។ ក្បាច់នេះក៏អាចយកទៅលំអលើឧបករណ៍ផ្សេងៗដែលទាក់ទងនឹងគ្រឿងចម្បាំង, ផ្នែកអគ្គីភ័យ, កីឡាជាដើម (តាមប្រសាសន៍លោកគ្រូ ស៊ិន ចាន់ថន)។ គេយល់ថាក្បាច់នេះតំណាងអោយភ្លើង៕៚
_________________
• ១២ សីហា ២០២០
_________________
• សម្រាប់វីឌីអូចំណេះដឹងផ្សេងៗ https://www.youtube.com/channel/UCqVlCeAHoMpbjQbnIROX1SQ
_________________
• @រក្សាសិទ្ធដោយ Architect97s.