05/03/2024
ផ្ទុះឆេះរថយន្ត៣គ្រឿងនៅចំណតរថយន្តមុខប្រាសាទអង្គរបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង និង របួសមនុស្ស២នាក់
សៀមរាប= មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង៥០នាទីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងចំណតរថយន្ត មុខប្រាសាទអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប មានកើតករណីផ្ទុះឆេះរថយន្តដឹកភ្ញៀវទេសចរណ៍ ៤៥កៅអី បានបណ្តាលឲ្យប៉ះពាល់ដល់រថយន្ត ០៣គ្រឿង និង របួសមនុស្សពីរនាក់ ហេតុការណ៍នេះដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ដែលកំពុងទស្សនាមើលថ្ងៃរះ នៅអង្គរវត្ត និង ប្រជាពលរដ្ឋក្រុងសៀមរាប។
តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរទៅទស្សនាមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចបានចូលចំណតចតជាធម្មតា ដោយមានរថយន្តផ្សេងទៀតបានចតក្បែរ។
មូលហេតុនៃការផ្ទុះឆេះរថយន្តនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់ រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរគ្នា ២គ្រឿងទៀត ។ ក្នុងនោះដែរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញ របស់រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀត។
ករណីគ្រោះថ្នាក់នេះមិនបានបង្កឲ្យរងរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និង បណ្តាលឲ្យរងរបួសមនុស្ស ២នាក់។
ក្នុងនោះដែររដ្ឋបាលខេត្ត ស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬ ដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ ។
តាមការបញ្ជាក់របស់ក្រុមជំនាញរថយន្ត បានឲ្យដឹងថា ក្នុងករណីនេះ គឺបណ្តាលមកពីផ្ទុះបំពង់ខ្យល់រថយន្ត ដោយបំពង់ខ្យល់បានខូច តាប់ប៉េ បញ្ចេញខ្យល់ចោលនៅពេលដែលខ្យល់ចូលលើសចំណុះ ដោយស្ទះតាប់ប៉េនេះហើយទើបបណ្តាល់ឲ្យមានករណីនេះកើតឡើង ។ ម៉្យាងទៀត ក៏ជាកំហុសរបស់អ្នកបើកបររថយន្ត មិនបានធ្វើការត្រួតពិនិត្យ នៅយានយន្តរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ ៕