24/09/2024
ផ្ញើជូនកូនៗជំនាន់ក្រោយទាំងអស់
សួស្តីកូនៗជាទីស្រលាញ់ បច្ចុប្បន្នប៉ាមានអាយុជាង៥០ឆ្នាំហើយ កាលពីក្មេង ប៉ាមិនចង់ធ្វើជាអ្នកលក់ទេ។ តាមរយៈបទពិសោធន៍ជីវិត ប៉ាភ្ញាក់ខ្លួនដឹងថា ឆាកជីវិតមនុស្សជៀសមិនផុតពីកិច្ចការលក់ដូរឡើយ អ្វីក៏ជាកិច្ចការលក់ដែរ ហើយអ្វីក៏ជាផលិតផលដែរ។ តើយើងលក់ផលិតអ្វី? ដើម្បីជួយកូនៗមានតម្រុយជីវិតខ្លះ ប៉ាសូមចែករំលែកគំនិតស្ដូចស្ដើងមួយអំពីផលិតផល តើផលិតផលមានអ្វីខ្លះ? ផលិតផលមាន២ប្រភេទធំៗគឺ៖
១. ផលិតផលរូបីយ៍ មានដូចជា ទូរស័ព្ទ ថ្នាំពេទ្យ ប្រហិតត្រីស្លាត ម៉ូតូ រថយន្ត ។ល។ និង ។ល។
២. ផលិតផលអរូបីយ៍ ឬ សេវាកម្ម មានដូចជា កិបសំបុត្រផ្ញើម៉ូតូ គ្រូបង្រៀន គ្រូពេទ្យព្យាបាលជម្ងឺ មេធាវីផ្តល់សេវាច្បាប់ ។ល។ និង ។ល។
ឧទាហរណ៍ ទូរស័ព្ទ ជាផលិតផលរូបីយ៍ ចំណែកសេវាទូរស័ព្ទជាផលិតផលអរូបីយ៍។ គ្រូពេទ្យលក់ថ្នាំពេទ្យផងព្យាបាលជម្ងឺផង។ ថ្នាំពេទ្យជាផលិតផលរូបីយ៍ ចំណែកថ្លៃព្យាបាល ជាផលិតផលអរូបីយ៍ ឬសេវា។
កន្លងមកទោះបីប៉ាចេញមុខមាត់ក្នុងសង្គមជាសាធារណៈ រកលុយបានខ្លះ ដើម្បីមានផ្ទះនៅរាជធានីនិងជួយដល់ស្រុកកំណើត តែអ្វីៗមិនដូចបំណងយើងទាំងស្រុងឡើង បរិយាកាសធុរកិច្ចប្រែប្រួល អ្វីៗក៏ប្រែប្រួល។ បរិយាកាសទាំងនោះមានដូចជា នយោបាយ សេដ្ឋកិច្ច ប្រាក់ចំណូល ពេលខ្លះសម្បូរណ៍សប្បាយ ពេលខ្លះជួបការលំបាកក្នុងជីវភាព។ ដូចពុទ្ធដិកាសម្តែងទុករាប់ពាន់ឆ្នាំមកហើយថា «អ្វីៗប្រែប្រួលជាធម្មតា មានតែការប្រែប្រួលទេ ដែលវាមិនប្រែប្រួល » ។
ប៉ាជាក្មេងកំព្រាម្ដាយតាំងពីអាយុ៤ឆ្នាំ និងកំព្រាឪពុកតាំងពីអាយុ១៤ឆ្នាំ ការឧបត្ថមផ្នែកគំនិត ស្មារតីនិងថវិកាមានកំរិត ជីវិតប៉ាដើរមកដល់ពេលនេះ ពិតជាមានខុសនិងត្រូវ តែប៉ាប្រាថ្នាចង់ឃើញកូៗមានវាសនាល្អជាងប៉ាតាមរយៈការកំណត់គោលដៅជីវិតបានត្រឹមត្រូវ ប្រើប្រាស់ពេលវេលាបានត្រឹមត្រូវនិងមានប្រសិទ្ធភាពឈានទៅសម្រេចគោលដៅជីវិតខ្លួនបានលឿន។
កាលពីក្មេងប៉ារស់នៅជនបទខ្សត់ខ្សោយទាំងថវិកា និងមូលធនបញ្ញា គិតអ្វីធ្វើអ្វីដោយខ្លួនឯង ប្រើពេលវេលាច្រើនតែទទួលបានលទ្ធផលតិច ពេលនេះទោះបីប៉ាចង់ឱ្យពេលវេលាត្រឡប់ក្រោយកសាងជីវិតពីក្មេងម្ដងទៀតក៏មិនកើត។
ម្លោះហើយមានតែពាក្យផ្ដាំផ្ញើកូនៗតិចតួច៖ ចូរកូនកំណត់គោលដៅជីវិតឱ្យច្បាស់តាំងពីក្មេង តើកូនត្រូវធ្វើអ្វី? លក់អ្វី? បើកូនសម្រេចចិត្តខាងពេទ្យត្រូវរៀននិងធ្វើសកម្មភាពប្រចាំថ្ងៃទាក់ទងជំនាញពេទ្យ ដោយស្វែងយល់និងចុះផ្ទាល់កុំរងចាំថ្ងៃស្អែក អ្វីក៏ដោយលុះត្រាធ្វើវាពីក្មេងទើបមានគ្រឹះរឹងមាំល្អនិងមានចំណូលស្ថិតស្ថេរយូរអង្វែង ដូចសុភាសិតខ្មែរពោលថា «ចេះឱ្យប្រាកដ ប្រាក់រត់តាមហៅ»។ សម័យនេះកូនៗ មានបច្ចេកវិទ្យា មានការទំនុកបំរុង សាលាគ្រប់ទីកន្លែង សៀភៅមានគ្រប់ទីកន្លែង មានទាំងអ្នកអានសៀវភៅតាមបណ្ដាញសង្គមយូធូបឱ្យស្ដាប់ទៀតផង។
សូមកូនប្រឹងប្រែងរៀនសូត្រ និងចុះអនុវត្តកិច្ចការផ្ទាល់ដំណាលគ្នាដើម្បីមានចំណេះជំនាញជាគ្រឹះដ៏រឹងមាំសម្រាប់ជីវិត ត្រូវមានសីលធម៌ល្អ ប្រព្រឹត្តិតែអំពើល្អ សុចរិតត្រឹមត្រូវ រក្សាសុខភាព ដើម្បី កសាងកេរ្ត៍ឈ្មោះសម្រាប់គ្រួសារនិងសង្គមជាតិយើង។